រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភព លោក ៥ មិថុនា ២០១៩ ក្រោមប្រធានបទ ” ការបំពុលខ្យល់ “


មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត សាលាក្រុងបាត់ដំបង រួមកិច្ចសហការជាមួយបណ្តាអង្គភាព ពាក់ព័ន្ធក្នុងខេត្ត បានរៀបចំប្រារព្្ធទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក នៅថ្ងៃ ទី ៥ ខែមិថុនា ឆ្នាំ ២០១៩ នៅសួននាគសន្តិភាព ក្រុងបាត់ដំបង ។
ពិធីនេះបានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតប៊ុត គឹមស៊ាន អភិបាលរងខេត្ត តំណាង ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្ត បាត់ដំបង ដោយមានការអញ្ជើញចូលរួម ពីរដ្ឋបាលក្រុង មន្ទីរអង្គភាព មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករ ។

ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នាពេលនេះ ដោយចាប់ផ្ដើមអនុវត្តសកម្មភាពធ្វើអនាម័យសម្អាតតាមទីសាធារណៈ ក៏ដូចជានៅតាមមុខអង្គភាពធ្វើការ គ្រឹះស្ថានរដ្ឋ គ្រឹះស្ថានឯកជន ព្រមទាំង វត្តអារាម ព្រះវិហារ ។ ឯកឧត្តមបន្តថាក្នុងឆ្នាំនេះ ក្រោមប្រធានបទ” ការបំពុលខ្យល់ ” គឺជាការបង្ហាញ ឲ្យឃើញនូវចលនា និងស្មារតីចូលរួមក្នុងកិច្ចការពារថែរក្សាបរិស្ថាន និងជាសារ ដ៏មានសារៈសំខាន់មួយ អប់រំ ផ្សព្វផ្សាយ ដល់គ្រប់ស្រទាប់មហាជន ប្រជាជនឲ្យយល់ដឹងពីគោលនយោបាយបរិស្ថានជាតិ ចូលរួមគិត រួមធ្វើសម្អាត រក្សាអនាម័យ កែលម្អសោភ័ណភាព ស្រុក ក្រុង ខេត្ត យើងឲ្យកាន់តែមានភាពស្រស់បំព្រងនិងស្អាតជានិច្ច ។
ឯកឧត្តមអភិបាលរងខេត្ត បានចាតទុក
កិច្ចការពារបរិស្ថាន ការលើកកម្ពស់អនាម័យ ជាភារៈកិច្ចរបស់យើងទាំងអស់គ្នា ដែលជាមូលដ្ឋានសំខាន់ធ្វើឲ្យមាននិរន្តរភាព នៃការលើក តម្កើង សុខមាលភាពសង្គម ដើម្បីជីវិតរស់នៅស្រស់ថ្លា ផ្សាភ្ជាប់ នឹងធម្មជាតិ និងជាគោលដៅសម្រាប់ភ្ញៀវទេសចរ៕