​ អភិបាលខេត្តតាកែវ អញ្ជើញនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាផ្ដល់ជូន ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៤៥គ្រួសារ ក្នុងស្រុកបូរីជលសារ


នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមដំណើរដោយលោកជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មាធិការ សាខាក្រុមប្រតិបត្តិសាខា និងអនុសាខាស្រុកបុរីជលសារ ខេត្តតាកែវ បាននាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅជូនដល់បងប្អូន ប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤៣ គ្រួសារ ដែលបានរងគ្រោះដោយខ្យល់ កន្ត្រាក់កាលពីរយប់ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៩ នៅក្នុងឃុំបូរីជលសារ ស្រុកបូរីជលសារ និង ២គ្រួសារទៀត នៅឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បាន នាំយកនូវបណ្ដាំសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា មកជម្រាបជូនបងប្អូនគ្រួសាររងគ្រោះដោយក្តីនឹករលឹក អាណិតអាសូរ ដែលជា និច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខដល់ ប្រជាពលរដ្ឋដែលងាយបានរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ជាតិសាសន៍ សាសនាអ្វីឡើយ ឬនិន្នាការនយោបាយអ្វីទាំងអស់ សំខាន់ជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា។

សូមបញ្ជាក់ដែរថាអំណោយដែលបានយកមកផ្ដល់ជូនរួមមាន៖ អង្ករ២៥គីឡូ ឃីត១កញ្ចប់ កន្ទេល១ តង់១ និងថវិការមួយចំនួន ក្នុងផងដែរ ឯកឧត្ដម នីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្ដីការគណៈ រដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ បានបន្ថែម ជូនក្នុងគ្រួសារណារងគ្រោះស្រាល ២០ម៉ឺនរៀល រងគ្រោះមធ្យម ៣០ម៉ឺនរៀល និងរងគ្រោះធ្ងន់ធ្ងរ ៥០ម៉ឺនរៀល៕