ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញជួបសំណេះសំណាល និងហូបនំបញ្ចុកសាមគ្គីភាព


នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងហូបនំបញ្ចុកសាមគ្គីភាព អាជ្ញាធរឃុំគោកត្រប់ សរុបចំនួន១៥២១នាក់ ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងឯកភាពជាតិខ្មែរ ដោយមិនរើសអើងបក្សនយោបាយណាមួយឡើយ ស្ថិតនៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕

ឯកឧត្តម បានរំលឹកអំពីប្រវត្តិ “នំបញ្ចុកខ្មែរ”ដោយពាក្យថានំបញ្ចុក​នេះមាន​ឈ្មោះ​ដើម​ថា នំប៉ែន​ចុក គឺ​ជានំ​ដែល​គេ យក​ម្សៅ​សម្រស់​ទៅ​ស្ងោរ ហើយ​បុក​លាយ​ទឹក រួច​យក​ទៅ​ច្រក​ក្នុង​ប៉ែន​ទើប​យក​ស្នូល​ឈើ ចុក​សង្កត់ ដើម្បី​រោយ​ទម្លាក់​ជា​សរសៃ​ក្នុង​ទឹក​ពុះ​ឲ្យ​ឆ្អិន បន្ទាប់​មក​គេ​ស្រង់​ចាប់​ជា​ចង្វាយៗ ដាក់​ជាល ឬ​កញ្ច្រែង ទុកឲ្យ​ស្រស់​ទឹក។ ក្រោយមក​គេ​ហៅ​កាត់ៗ​ថា នំបញ្ចុក។

ឯកឧត្តម ម៉ម ប៊ុននាង បានបញ្ជាក់ផងដែរថា ការហូបនំបញ្ចុកជុំគ្នានៅថ្ងៃទី ៩ មិថុនា នេះ គឺមិនមែនជាជំហានឆ្ពោះទៅរកការចរចារនយោបាយអ្វីឡើយ ប៉ុន្តែគឺជារឿងទទួលទាននំបញ្ចុករួមគ្នាដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងឯកភាពខ្មែរតែប៉ុណ្ណោះដោយមិនរើសអើងបក្សនយោបាយណាមួយឡើយ គឺយើងអាចហូបរួមគ្នា។

ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភថវិកាជូនដល់អ្នកប្រឡងចម្រៀងដែលជាប្រជាពលរដ្ឋក្នុងឃុំគោកត្រប់ ដោយលេខ១ទទួលបាន២០មឺុនរៀល លេខ២ទទួលបាន១០មឺុនរៀល លេខ៣ ទទួលបាន៥មឺុនរៀល អ្នកដែលមិនបានទទួលជ័យលាភីមានចំនួន៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២មឺុនរៀល សរុបចំនួន១០នាក់ ចំណាយនំបញ្ចុក និងចំណាយផ្សេងៗ ដែលចំណាយថវិកាសរុបអស់១១,៨២៦,០០០រៀល៕