សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតី ពិធីបញ្ចុះសពលោកជំទាវផ្លេក ភិរុណ


នាព្រឹកថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ប្រារព្ធពិធីបញ្ចុះសពលោកជំទាវផ្លេក ភិរុណ អតីតប្រធានកាកបាទក្រហមកម្ពុជា និងជាអតីតអគ្គលេខាធិការរដ្ឋសភា នៅវត្តព្រះសុគន្ធមានបុណ្យ ហៅវត្តចាស់ ឃុំព្រែកហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ បងប្អូនញាតិមិត្តជិតឆ្ងាយ និងក្រុមគ្រួសារសព ក្រោយពីបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនាអស់ជាច្រើនថ្ងៃកន្លងមក ។
លោកជំទាវ ផ្លេក ភិរុណ បានទទួលមរណភាព កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៥:៣០នាទីរសៀល ក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ។ មរណភាពរបស់លោកជំទាវ ផ្លេក ភិរុណ គឺជាការបាត់បង់កុលធីតាខ្មែរដ៏ឆ្នើមមួយរូប ដែលបានចំណាយពេលវេលាស្ទើរពេញមួយជីវិតក្នុងការបម្រើប្រទេសជាតិ និងប្រជារាស្ត្រដោយឥតនឿយណាយរហូតដល់ថ្ងៃអវសាននៃជីវិត….។ រូបកាយលោកជំទាវ ផ្លេក ភិរុណ បានបាត់បង់ទៅក៏ពិតមែន តែគំរូវីរភាពដ៏ថ្លៃថ្លា ក្នុងការរួមចំណែកបម្រើជាតិ សាសនា ព្រះមហាក្សត្រ រហូតដល់ថ្ងៃអវសាននៃជីវិត បានស្ថិតនៅដក់ជាប់ក្នុងសន្តានចិត្តមហាជន និងសហការីរួមការងារ ព្រមទាំងញាតិមិត្ត បងប្អូន ទាំងអស់ជានិច្ចនិរន្តរ៍។