ឯកអគ្គរដ្ឋទូតញូវហ្សេឡែនអញ្ជើញពិនិត្យលទ្ធផលគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលញូវហ្សេឡែន


នាព្រឹកថ្ងៃ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញអមដំណើរឯកឧត្តម BEN KING ឯកអគ្គរដ្ឋទូតញូវហ្សេឡែន ក្នុងឱកាសឯកឧត្តមឯកអគ្គរដ្ឋទូតចុះបំពេញទស្សនកិច្ចស្វែងយល់អំពីលទ្ធផលដែលសម្រេចបាននាពេលកន្លងមកនៅរមណីយដ្ឋានអង្គរក្រោមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចនិងបេតិកភណ្ឌអង្គរ Angkor Community Heritage and Economic Advancement (ACHA) ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលញូវហ្សេឡែន។

នៅនឹងការដ្ឋានសំណង់ទ្វារទឹកតាសោម ឯកឧត្តម ហង់ ពៅ បានបង្ហាញជូនឯកឧត្តមឯកអគ្គរដ្ឋទូតនូវសកម្មភាពនិងលទ្ធផលការងារដែលបានអនុវត្តកន្លងមក ជាពិសេសផលប្រយោជន៍ជាច្រើនដែលបានជួយលើកកម្ពស់ ជីវភាព រស់នៅ របស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរតាមរយៈការដាំដុះកសិកម្ម ព្រមទាំងការស្តារប្រព័ន្ធធារាសាស្ត្របុរាណអង្គរដើម្បី ទប់ស្កាត់ទឹកជំនន់ក្នុងរមណីយដ្ឋានអង្គរនិងក្រុងសៀមរាប។

ឯកឧត្តម BEN KING បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃគម្រោង ACHA ជាពិសេសការធ្វើ ឱ្យ ប្រែប្រួលនៃជីវភាពរស់នៅរបស់អ្នកស្រុកអង្គរ។ លើសពីនេះទៀត ឯកឧត្តមក៏បានបញ្ជាក់ពីក្តីរីករាយពេលដែលបានចុះមកឃើញផ្ទាល់ភ្នែក ព្រមទាំងបានសន្យាថានឹងបន្តកិច្ចសហ ប្រតិបត្តិការ លើផ្នែកផ្សេងៗបន្ថែមទៀតនាពេលអនាគត៕