រដ្ឋបាលខេត្តកំពង់ធំបើកកិច្ចប្រជុំស្ដីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២០-២០២២


រដ្ឋបាលខេត្តកំពង់ធំបានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ឆ្នាំ២០២០-២០២២ នៅ​សាលាប្រជុំសាលាខេត្តកំពង់ធំ នារសៀលថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ កសាងផែនការខេត្ត។

ឯកឧត្តម សុខ លូ មានប្រសាសន៍ថា នៅក្នុងជំហានទី១ នៃការរៀបចំកសាងកម្មវិធីវិនិយោគគឺការប្រមូលធាតុចូល ដែលជាការងារសំខាន់សម្រាប់ការចាប់ផ្ដើម ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា តែអ្វីដែល​សំខាន់ជាងនេះទៀតនោះគឺការចូលរួមកិច្ចសហការល្អ និងការទទួលខុសត្រូវរបស់លោក លោកស្រីប្រធានមន្ទីរ អង្គភាព ដែលជាកត្តាសំខាន់ និងចាំបាច់ក្នុងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមទៀតថា កិច្ចការនេះសំខាន់ណាស់ ស្នើឱ្យប្រធានមន្ទីរ អង្គភាព និងអភិបាលក្រុង ស្រុកទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់តាមដាន ចូលរួមរៀបចំផែនការសកម្មភាពរបស់អង្គភាពលោក លោកស្រី ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ ដើម្បីឱ្យក្លាយទៅជារដ្ឋបាលឯកភាពមួយ បម្រើផលប្រយោជន៍​រួមរបស់ប្រជាពលរដ្ឋ ហើយឆ្លើយតបទៅនឹងគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ។ ដំណើរការ​កសាងត្រូវមានលក្ខណៈជាប្រព័ន្ធ គឺការណែនាំផ្សព្វផ្សាយត្រូវអនុវត្តន៍ពីថ្នាក់ខេត្តទៅថ្នាក់ក្រុង ស្រុក ហើយក្រុង ស្រុកត្រូវណែនាំបន្តទៅឃុំ សង្កាត់ រីឯដំណើរការរៀបចំបំពេញទម្រង់នានាវិញ ត្រូវចាប់ផ្ដើមពីឃុំ សង្កាត់មកមុន ដូច្នេះបើសិនជាមានការយឺតយ៉ាវនៅថ្នាក់ណាមួយនោះ នឹងនាំឱ្យមានការយឺតយ៉ាវជាប្រព័ន្ធមិនខាន។

យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នៅពេលចាប់ផ្ដើមអាណត្តិរបស់ក្រុមប្រឹក្សាគ្រប់ថ្នាក់ ត្រូវរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ដោយកំណត់នូវគោលនយោបាយ ចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្រ្តច្បាស់លាស់ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំកម្មវិធីវិនិយោគជារៀងរាល់ឆ្នាំ។ ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ត្រូវអនុវត្តន៍៣ជំហ៊ាន គឺទី១- ការប្រមូលធាតុចូល, ទី២- ការរៀបចំសេចក្ដីព្រាងកម្មវិធីវិនិយោគ, និងទី៣- ការពិនិត្យអនុម័ត និងផ្សព្វផ្សាយកម្មវិធីវិនិយោគ ៕