អង្គការមូលនិធិប្រាសាទពិភពលោកប្រារព្ធខួប៣០ឆ្នាំនៃកិច្ចសហប្រតិបត្តិការជួសជុលប្រាសាទក្នុងរមណីយដ្នានអង្គរ


នៅព្រឹកថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ អង្គការមូលនិធិប្រាសាទពិភពលោក World Monuments Fund (WMF) បានប្រារព្ធខួប ៣០ឆ្នាំ លើការងារអភិរក្សនិងជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ ពិធីនេះប្រារព្ធឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោក Michael Newbill ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រី Gineavra Boato តំណាងអង្គការមូលនិធិប្រាសាទពិភពលោកប្រចាំអាស៊ីអាគ្នេយ៍ មន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា សរុបចំនួនប្រមាណ២០០នាក់។

លោកស្រី Gineavra Boato តំណាង WMF ប្រចាំអាស៊ីអាគ្នេយ៍ បានលើកឡើងថា អង្គការនេះបានចូលមកបំពេញការងារនៅតំបន់អង្គរនៅឆ្នាំ១៩៨៩ ដោយការងារអាទិភាពដំបូងគឺការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាលើការងារអភិរក្សនិងជួសជុលប្រាសាទ។ ជាបន្តបន្ទាប់មក WMF បានធ្វើវាយតម្លៃលើការខូចខាតរបស់ប្រាង្គប្រាសាទបុរាណដែលកម្ពុជាបានជួបប្រទះ និងការខ្វះកិច្ចអភិរក្សជួសជុលក្រោយពីសង្រ្គាមស៊ីវិល។ នៅឆ្នាំ ២០០៨ WMF បានចាប់ផ្តើមគម្រោងអភិរក្សប្រាសាទភ្នំបាខែងដែលការងារនេះត្រូវបានគ្រប់គ្រងរៀបចំនិងអនុវត្តន៍ដោយអ្នកជំនាញការខ្មែរដែលទទួលបានការបណ្ដុះបណ្ដាលនាពេលកន្លងមក។

ក្នុងនាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Michael Newbill បានចាត់ទុកការប្រារព្ធពិធីនេះជាការបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែងរវាងសហរដ្ឋអាមេរិកតាមរយៈ WMF ជាមួយអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាពិសេសក្នុងរយៈពេល៣០ឆ្នាំមកនេះ WMF បានបណ្ដុះបណ្ដាលអ្នកជំនាញខ្មែរជាច្រើនរូប ហើយនឹងផ្តល់ឱកាសដល់ពលរដ្ឋកម្ពុជាជាង១០០នាក់។ ចំពោះគម្រោងជួសជុលប្រាសាទភ្នំបាខែង គឺជាគម្រោងដែលមានភាពលេចធ្លោនិងមានការចូលរួមភាគច្រើនដោយបុគ្គលិកជំនាញកម្ពុជា។

មានប្រសាសន៍ក្នុងពិធីនេះដែរ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណដល់ WMF ដែលបានរួមចំណែកក្នុងការកសាងសមត្ថភាពធនធានមនុស្សរបស់កម្ពុជា និងបានអនុវត្តកិច្ចការអភិរក្សនិងជួសជុលប្រាសាទចាប់ពីឆ្នាំ១៩៩២ ជាពិសេសប្រាសាទព្រះខ័ន តាសោម អង្គរវត្ត និងប្រាសាទភ្នំបាខែង។ លោកជំទាវ ក៏បានរំលេចអំពីផលប្រយោជន៍នៃកត្តាសន្តិភាពព្រោះកត្តានេះបានចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខុដុមរមនារបស់ប្រទេសនាពេលបច្ចុប្បន្ននិងអនាគត រួមទាំងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ៕