រដ្ឋសភាជំរុញការទប់ស្កាត់ និងត្រួតពិនិត្យការប្រើប្រាស់ផលិតផលថ្នាំជក់ឲ្យបានទូលំទូលាយ


រដ្ឋសភា ជំរុញការទប់ស្កាត់ និងត្រួតពិនិត្យការប្រើប្រាស់ផលិតផលថ្នាំជក់ឲ្យបានទូលំទូលាយ ដើម្បីធ្វើឲ្យអត្រាអ្នកប្រើប្រាស់ផលិតផលថ្នាំជក់ និងអត្រាអ្នកជក់បារីក្នុងចំណោមយុវវ័យ និងមនុស្សពេញវ័យថយចុះ។
ថ្លែងក្នុងសិក្ខាសាលាស្តីពី«ភាពជាអ្នកដឹកនាំក្នុងការត្រួតពិនិត្យការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់»ដែលធ្វើឡើងនៅវិមានរដ្ឋសភា ថ្ងៃទី១១ ខែមិថុនានេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា បានលើកឡើងថា ការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់ និងផលិតផលថ្នាំជក់ នៅតែជាបញ្ហាចម្បងក្នុងការអនុវត្តការត្រួតពិនិត្យថ្នាំជក់ ដោយសារតែឧស្សាហកម្មថ្នាំជក់នៅតែមានឥទ្ធិពលក្នុងការរារាំងវិធានការត្រួតពិនិត្យថ្នាំជក់ និងបានរិះរកគ្រប់មធ្យោបាយក្នុងការទប់ស្កាត់ការតម្លើងពន្ធ ជាដើម។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មូលនិធិពិភពលោកគ្មានផ្សែងបារី ដែលបង្កើតឡើងដោយឧស្សាហកម្មថ្នាំជក់ ក្នុងគោលបំណងរួមវិភាគទានក្នុងសកម្មភាពទាក់ទងនឹងការងារត្រួតពិនិត្យផលិតផលថ្នាំជក់នៅក្នុងបណ្ដាប្រទេសនានា បានអនុវត្តយុទ្ធសាស្រ្តថ្មីៗ តាមរយៈបង្កើតនូវផលិតផលថ្មីដែលគ្មានផ្សែង ព្រមទាំងផ្សព្វផ្សាយថា ផលិតផលនេះមានផលប៉ះពាល់តិចតួចដល់សុខភាព ផ្ទុយពីការពិតដែលការប្រើប្រាស់ផលិតផលថ្នាំជក់ធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពទាំងអ្នកជក់ និងអ្នកស្រូបផ្សែងបារីដូចជាបណ្តាលឲ្យកើតជំងឺមហារីកសួតនិង មហារីកសរីរាង្គផ្សេងៗទៀត ជំងឺបេះដូងនិងសសៃឈាម ជំងឺសួតរ៉ាំរ៉ៃ ជាដើម។
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ឋជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី បានលើកឡើងថា កម្ពុជាត្រូវការអ្នកធ្វើគោលនយោបាយ អ្នកប្រតិបត្តិ ភាគីពាក់ព័ន្ធ រួមទាំងអ្នកគាំទ្រគ្រប់ផ្នែក រួមគ្នាក្នុងការទប់ស្កាត់ និងត្រួតពិនិត្យការប្រើប្រាស់ផលិតផលថ្នាំជក់ ជាពិសេសចូលរួមលើកកម្ពស់សុខភាព សុខុមាលភាពសង្គមនិងបរិស្ថាន កាត់បន្ថយចំណាយលើថ្លៃថែទាំសុខភាព ក៏ដូចជាកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ លោកជំទាវ កត់សម្គាល់ថា ការកំណត់ពន្ធលើផលិតផលថ្នាំជក់នៅកម្ពុជានៅមានកម្រិតទាប បើធៀបទៅនឹងប្រទេសជិតខាង ។
បើតាមការបញ្ជាក់របស់ឯកឧត្តមវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បានឲ្យដឹងថា បញ្ហាប្រឈមក្នុងការអនុវត្តការត្រួតពិនិត្យថ្នាំជក់ ក៏មានដូចជាការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់ និងផលិតផលថ្នាំជក់នៅតែជាបញ្ហាចម្បង ដោយឧស្សាហកម្មថ្នាំជក់នៅតែមានឥទ្ធិពលក្នុងការរារាំងវិធាន ការត្រួតពិនិត្យផលិតផលថ្នាំជក់តាមគ្រប់រូបភាព។
យោងតាមរបាយការណ៍របស់រាជរដ្ឋាភិបាល បង្ហាញថា នៅក្នុងដើមឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាបានតម្លើងពន្ធត្រឹមតែ ២៥ ទៅ៣១,១ភាគរយ ដែលចំនួននេះនៅទាបនៅឡើយ ខណៈដែលប្រទេសមីយ៉ាន់ម៉ាបានតម្លើងដល់៥០ទៅ៦០ភាគរយ ប្រទេសសឹង្ហបូរីដល់៦៧,៥ភាគរយ និងប្រទេសថៃ តម្លើងរហូតដល់៧០ភាគរយ។
ដោយឡែកបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានបង្ហាញថា នៅកម្ពុជាមានប្រជាពលរដ្ឋប្រើប្រាស់ថ្នាំជក់ប្រមាណ២លាននាក់ ក្នុងនោះអ្នកជក់បារីមានប្រមាណ១លាន៦សែននាក់ និងអ្នកចុកថ្នាំជក់ប្រមាណ៤សែននាក់។ ចំពោះការចំណាយក្នុងការទិញផលិតផលថ្នាំជក់វិញ មានប្រមាណជាង២០០លានដុល្លារ ក្នុងមួយឆ្នាំ ខណៈការចំណាយលើការព្យាបាលសុខភាព បណ្តាលមកពីផលិតផលថ្នាំជក់មានជាង១៦២លានដុល្លារក្នុង១ឆ្នាំ៕