ច្បាប់​ប្រេងកាត​នឹង​អនុម័ត​នៅ​ពេល​ឆាប់់​ៗនេះ​ខណៈ​ដំណក់​ប្រេង​លើកដំបូង​នឹង​ទទួល​បាន​នៅក្នុង​ឆ្នាំ២០២០


សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ និង​ផលិតផល​ប្រេងកាត​នៅ​កម្ពុជា​ នឹង​ត្រូវ​ដាក់​ជូន​សម័យប្រជុំ​រដ្ឋសភា​ពិភាក្សា​ និង​អនុម័ត​នា​ពេល​ខាងមុខ​ ខណៈ​ដំណក់​ប្រេង​លើកដំបូង​ ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​អះអាង​ថា​ នឹង​ទទួល​បាន​នៅក្នុង​ឆ្នាំ២០២០​។

លោក​ជំទាវនិន​ សា​ផុន​ ប្រធាន​គណៈកម្មការ​ទី៩នៃ​រដ្ឋសភា​ បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ចុងក្រោយ​នៅ​ថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ​ ២០១៩នេះ​ថា​ ការប្រជុំ​សិក្សា​ផ្ទៃក្នុង​គណៈកម្មការ​ ការរៀបចំ​សិក្ខាសាលា​ ក៏ដូចជា​ការប្រជុំ​ជាមួយ​តំណាង​រាជរដ្ឋាភិបាល​ ជាបន្តបន្ទាប់​លើ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ ការគ្រប់គ្រង​ប្រេងកាត​ និង​ផលិតផល​ប្រេងកាត​ គឺ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​សេចក្តី​ព្រាងច្បាប់​នេះ​ ដែល​នឹង​អនុម័ត​នៅពេល​ដ៏​ខ្លី​ខាងមុខ​ ស្រប​ទៅ​នឹង​បរិបទ​ និង​សង្គម​កម្ពុជា​ ជាពិសេស​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ និង​ទទួល​បានផល​ប្រយោជន៍​ជា​អតិបរមា​ដល់​សង្គម​ និង​ប្រជាពលរដ្ឋ​។

លោកជំទាវ​បន្ត​ថា​ “សេចក្តី​ព្រាងច្បាប់​នេះ​ ពិតជា​មាន​សារៈសំខាន់​ និង​ចាំបាច់​សម្រាប់​កម្ពុជា​ ជាពិសេស​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៦នៃ​រដ្ឋសភា​ ក្នុង​ការពង្រីក​មូលដ្ឋាន​កំណើន​សេដ្ឋកិច្ច​ តាមរយៈ​ការជំរុញ​ការ​អភិវឌ្ឍ​ធនធាន​រ៉ែ​ប្រេងកាត​ ដើម្បី​ប្រែក្លាយ​ធនធាន​នេះ​ ឱ្យទៅ​ជា​ប្រភព​ចំណូល​ថ្មី​និង​សំខាន់​មួយទៀត​ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​”។

លោកជំទាវ​បន្ត​ថា​ “ការ​ទទួល​បាន​នូវ​ដំណក់​ប្រេង​នេះ​នឹង​ជួយ​រដ្ឋាភិបាល​ឲ្យ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន​ និង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​លឿន​ សំដៅ​រួមចំណែក​ដល់​ការ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ និង​សេដ្ឋកិច្ច​ជាតិ​”។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល​ ឯកឧត្តម ស៊ុយ​ សែ​មបាន​ឲ្យដឹង​ដែរ​ថា​ សេចក្តី​ព្រាងច្បាប់​ ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ និង​ផលិតផល​ប្រេងកាត​ តាក់តែង​ឡើង​ដើម្បី​ឱ្យ​ស្រប​នឹង​បរិបទ​នៃ​វិស័យ​ប្រេងកាត​នៅ​កម្ពុជា​ និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ប្រេងកាត​ប្រកបដោយ​និរន្តរភាព​ និង​ប្រសិទ្ធភាព​ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ និង​ផលប្រយោជន៍​យូរអង្វែង​របស់​ប្រទេសជាតិ​។

ឯកឧត្តមបន្ត​ថា​ សេចក្តី​ព្រាងច្បាប់​នេះ​បាន​រៀបចំឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន​ KrisEnergy​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយគ្នា​កាលពី​ឆ្នាំ២០១៧​ សម្រាប់​ការ​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​នៅក្នុង​ប្លុក​A នៃ​ដែនសមុទ្រ​កម្ពុជា​។

ឯកឧត្តម​រដ្ឋមន្រ្តី​បន្ថែម​ថា​ ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​លើ​រាល់​សកម្មភាព​ក្នុង​វិស័យ​ប្រេងកាត​នៅក្នុង​ បូរណភាពទឹកដី​ និង​អធិបតេយ្យ​នៃ​កម្ពុជា​ រួម​ទាំង​បាតសមុទ្រ​ និង​ស្រទាប់ដី​ក្រោម​បាតសមុទ្រ​នៃ​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​ និង​តំបន់​ខ្ពង់រាប​បាតសមុទ្រ​ ព្រមទាំង​តំបន់​ផ្សេង​ៗទៀត​។

ឯកឧត្តមថា​ សេចក្តី​ព្រាងច្បាប់​នេះ​ បាន​តាក់តែង​ឡើង​ស្របតាម​បទដ្ឋាន​ និង​ឧត្តមា​នុ​ភាពជា​អន្តរជាតិ​ក្នុង​វិស័យ​រ៉ែ​ ព្រមទាំង​បានការ​ពារ​ដល់​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ដោយ​និរន្តរភាព​។

ការ​តាក់តែង​សេចក្តី​ព្រាងច្បាប់​នេះ​ ក៏​មានការ​ជួយ​គំា​ទ្រ​ផ្នែក​បច្ចេកទេស​ពី​អ្នកជំនាញ​ការ​ច្បាប់​ ជាតិ​ និង​អន្តរជាតិ​ផង​ដែរ​ ដែល​មាន៩ជំពូក​ និង៧២មាត្រា​។

ឯកឧត្តម ម៉េ​ង ស័ក្តិ​ធា​រ៉ា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​អះអាង​កន្លងមក​ថា​ កម្ពុជា​នឹងអាច​ទាញ​ចេញ​ផល​ប្រេង​នៅ​ចុងឆ្នាំ២០១៩​ និង​អាច​ទទួល​បាន​ដំណក់​ប្រេង​ជាលើកដំបូង​នៅ​ឆ្នាំ២០២០ខាងមុខនេះ​៕