ការពង្រីក​និង​ចាក់កៅស៊ូ​បន្ថែម​លើ​ផ្លូវជាតិ​លេខ៤តម្លៃ១០០លាន​ដុល្លារ​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ


មន្រ្តី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​ឲ្យ​ចដឹង​ថា​ ការពង្រីក​និង​ចាក់កៅស៊ូ​បន្ថែម​លើ​ផ្លូវជាតិ​លេខ៤​ ដែល​មាន​ប្រវែង២២៤គីឡូម៉ែត្រ​ នឹង​បើក​ការដ្ឋាន​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​ហើយ​ ជាមួយនឹង​ការ​ចំណាយ​ទឹកប្រាក់​រហូតដល់១០០លាន​ដុល្លារ​អាមេរិក​។

ឯកឧត្តម ​វ៉ា​ស៊ី​ម សូ​រិយា​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ នា​រសៀល​ថ្ងៃទី១០​ មិថុនា​នេះ​ថា​ ឯកឧត្តម​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ ហើយ​ឯកឧត្តម​បញ្ជាក់​ថា​ការ​ចាក់កៅស៊ូ​បន្ថែម​ និង​លើក​កំពស់​តួ​ផ្លូវជាតិ​លេខ៤​ នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​ហើយ​។ឯកឧត្តមបន្ត​ថា​ គំរោង​នេះ​ត្រូវ​ចំណាយ​អស់​ថវិកា១០០លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ជំនួយ​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​។

ឯកឧត្តមបន្ត​ថា​ “ក្រោយពេល​ពង្រីក​ និង​ចាក់កៅស៊ូ​បន្ថែម​ នឹង​ធ្វើឲ្យ​ទំហំ​ផ្លូវ​នេះ​មាន​ចាប់ពី៩ម៉ែត្រ​ ដល់១១ម៉ែត្រ​ទទឹង​”។លោក​បន្ត​ថា​ “ខ្ញុំ​មិនទាន់​មា​នព៌​តមាន​លំអិត​ទាក់ទង​នឹង​ការ​លើក​កំពស់​តួ​ផ្លូវ​មាន​ប្រវែង​ប៉ុណ្ណា​នៅឡើយ​ទេ​”។

ឯកឧត្តម ​វ៉ា​ស៊ី​ម សូ​រិយា​បាន​បន្ត​ថា​ ផ្លូវជាតិ​ដ៏​សំខាន់​នេះ​ នៅពេល​ចាក់កៅស៊ូ​ចប់​នឹង​ធ្វើឲ្យ​ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​នេះ​ កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ ដោយសារ​ទំហំ​ផ្លូវ​ធំជាង​មុន​។ ឯកឧត្តម ​បន្ត​ថា​ បច្ចុប្បន្ន​ធនាគារពិភពលោក​ កំពុងតែ​ធ្វើការ​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​ ដើម្បី​ស្ថាបនា​ពង្រីក​ និង​ចាក់កៅស៊ូ​លើ​ផ្លូវ​នេះ​៕