រាជរដ្ឋាភិបាលនៅតែចាត់ទុកអតីតយុទ្ធជនជាបុគ្គលដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិមាតុភូមិ


រាជរដ្ឋាភិបាលនៅតែចាត់ទុកអតីតយុទ្ធជនជាបុគ្គលដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិមាតុភូមិដែលមានគុណបំណាច់យ៉ាងធំធេងត្រូវកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ។
រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកស្មារតីការតស៊ូដ៏អង់អាចក្លាហាន និង ពលិកម្មដ៏ស្មោះរបស់អតីតយុទ្ធជនកម្ពុជាដើម្បីបុព្វហេតុជាតិមាតុភូមិ គឺជាគំរូវីរភាពស្នេហា ជាតិដ៏ឧត្តុង្គឧត្តមដែលមិនអាចបំភ្លេចបានឡើយ។

យោងតាមសារាចររបស់រាជរដ្ឋាភិបាលបានអៈអាងថា ដើម្បីរំលឹកអំពីវីរៈភាព និងផ្តល់កិត្តិ យសឲ្យសក្តិសមទៅនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជនកម្ពុជា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២១មិថុនាខាងមុខនេះ ដើម្បីប្រារព្ធខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ដោយបានចេញសារាចរណែនាំដល់ស្ថាប័នពាក់ព័ន្ធទំាងអស់នៅទូទំាងប្រទេស ឲ្យរៀបចំពិធីអបអរទិវានេះអោយបានអធឹកអធម។

សារាចរបានបញ្ជាក់ទៀតថា ទិវាអតីតយុទ្ធជនកម្ពុជាដែលត្រូវបា្ររព្ធជារៀងរាល់ឆ្នាំហើយ ក្រៅពីការរំលឹកដល់វីរភាពនិងគុណបំណាច់របស់អតីតយុទ្ធជនទិវានេះក៏មានគោលបំណងផ្សព្វផ្សាយឲ្យប្រជាជនទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជនដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជនលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងសង្គមនិងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជនកងកម្លាំងប្រដាប់អាវុធជាពិសេសស្រទាប់យុវជនដើម្បីប្រែក្លាយយុវជនឱ្យសក្តិសមជាសសរទ្រូងនិងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិមោះមុតរឹងមាំនិងមានសេចក្តីថ្លៃថ្នូរ។

ដើម្បីអោយការប្រារព្ធខួបលើកទី១២ទិវាអតីតយុទ្ធជនកម្ពុជាបានល្អប្រសើរ រាជរដ្ឋាភិបាលបានណែនាំដល់ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទាន ត្រូវសហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជារៀបចំកម្មវិធីជាក់ស្ដែងរបស់ទិវាអតីតយុទ្ធជនកម្ពុជា។

ក្រសួងព័ត៌មានត្រូវណែនាំឱ្យប្រព័ន្ធឃោសនារបស់រដ្ឋនិងឯកជន ផ្សព្វផ្សាយសារលិខិតរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាក្នុងឱកាសខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ហើយ អាជ្ញាធរដែនដីរាជធានីខេត្តត្រូវសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិ សម្បទា និងសមាគមអតីតយុទ្ធជនកម្ពុជានៅរាជធានីខេត្តនីមួយៗចុះសួរសុខទុក្ខអតីតយុទ្ធជនតាមមូលដ្ឋានយុទ្ធជន យុទ្ធនារី ដែលកំពុងបំពេញបេសកកម្មនៅតំបន់ព្រំដែនដែនកោះ យុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនិងជនពិការនៅតាមមណ្ឌលអភិវឌ្ឍន៍យោធិនពិការនៅទូទំាងប្រទេស៕