រដ្ឋបាលខេត្ត​រតនគិរីប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ និង​ទិវា​បរិស្ថាន​ពិភពលោក ៥​មិថុនា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​(ការបំពុល​ខ្យល់​)


រដ្ឋបាលខេត្តរនគិរី​នៅព្រឹក​ថ្ងៃទី​១៣ខែមិថុនា ឆ្នាំ​២០១៩ សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​រៀបចំប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ និង​ទិវា​បរិស្ថាន​ពិភពលោក ៥​មិថុនា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ (ការបំពុល​ខ្យល់​)នៅ​អតីតព្រលានយន្តហោះខេត្តស្ថិត​ក្នុងភូមិ​៧មករាសង្កាត់​ឡាបានសៀកក្រុង​បានលុងក្រោម​អធិបតីភាព​ឯកឧត្តម ណាប់ ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមថង សាវុនអភិបាលខេត្ត។

​ទិវាបរិស្ថានខាងលើមានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​វុ​ធ​ទាំងបី​ប្រភេទ អាជ្ញាធរ​ដែនដី សិស្ស និស្សិត យុវជន និង​ប្រជាពលរដ្ឋ​ចូលរួម​សរុបប្រមាណជាង២០០នាក់

​ឯកឧត្តម ថង សាវុនអភិបាខេត្ត​មានប្រសាសន៍ថា ការរៀបចំ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ និង​ទិវា​បរិស្ថាន​ពិភពលោក ៥​មិថុនា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ “​ការបំពុល​ខ្យល់​” ក្នុង​គោលបំណង​បណ្តុះ​គំនិត​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន ធ្វើ​ឲ្យ​បរិស្ថាន​ស្អាត គ្មាន​សំរាម​ពាសវាល​ពាសកាល បណ្តុះ​គំនិត​ស្មារតី​ឲ្យ​មហាជន​ទូទៅ​មានការ​យល់ដឹង និង​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​លើកកម្ពស់​សោភ័ណភាព អនាម័យ ផាសុខភាព ជា​កន្លែង​ដែល​ចង់​រស់នៅ​ទាំង​អង្គភាព​រដ្ឋ ទាំង​ឯកជន​ទូទៅ​ដែលជា​ការរួមចំណែក​ក្នុង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ផងដែរ ។ពិសេស​ស្រប​ពេលដែល​រដ្ឋបាលខេត្ត​ បាននិងកំពុង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន រួមទាំង​ការកែលម្អ​សោភ័ណភាព​នៅ​ទី​រួម​ខេត្ត​ឱ្យក្លាយ​ជាទី​ក្រុង​ស្អាត ។ នៅក្នុងឱកាសនេះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមអភិបាលខេត្តនិងអ្នកចូលរួមទាំងអស់បានធ្វើការដាំកូនឈើចម្រុះចំនួន៥០០ដើមផងដែរ៕