ការសាងសង់​កំណាត់ផ្លូវ​ជាតិ​លេខ៣តភ្ជាប់​ផ្លូវ​សំខាន់​ពីរ​នឹង​បញ្ចប់​នៅ​ខែសីហា​ខាងមុខនេះ


កំណាត់ផ្លូវ​ជាតិ​លេខ៣តភ្ជាប់​ចាប់ពី​ទីរួមខេត្ត​កំពត​ ទៅ​រង្វង់​មូល​វាលរេញ​ (ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ៤​ និង​លេខ៣​) មាន​ប្រវែង​សរុប ៥៤​,៣០គម​ ស្ថិត​ក្រោម​គម្រោង​ជួសជុល​ និង​សាងសង់​ឡើងវិញ​ ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ​(AC​) គ្រោង​នឹង​បញ្ចប់​នៅ​ខែសីហា​ឆ្នាំ​ ២០១៩ខាងមុខនេះ​។

ឯកឧត្តមទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ និង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ចុះ​ត្រួតពិនិត្យ​គុណភាព​កំណាត់ផ្លូវ​ជាតិ​លេខ៣​ នៅ​ថ្ងៃទី​ ១៣​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​បាន​ឲ្យដឹង​ថា​ កំណាត់ផ្លូវ​នេះ​ត្រូវ​បាន​ចាប់ផ្ដើម​ជួសជុល​ និង​សាងសង់​ចាប់ពី​ខែកុម្ភៈ​ឆ្នាំ២០១៨​ ដោយ​ប្រើប្រាស់​ ​រយៈពេល៥៤ខែ​ អនុវត្ត​គម្រោង​មាន​រយៈពេល១៨ខែ​ និង​ថែទាំ​ប្រចាំ​រយៈពេល៣៦ខែ​ ចំណាយ​ថវិកា​ប្រមាណ១២​,០៦១លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។ ការ​ជួសជុល​នេះ​ស្ថិត​ក្រោម​គម្រោង​ឥណទាន​ធនាគារពិភពលោក​ ហើយ​បច្ចុប្បន្ន​គម្រោង​ផ្លូវ​នេះ​អនុវត្ត​ការ​ជួសជុល​ និង​សាងសង់​សម្រេច​បាន៦៧​,៥០​%ហើយ​ និង​គ្រោង​នឹង​បញ្ចប់​នៅ​ខែសីហា​ ឆ្នាំ២០១៩​ ខាងមុខនេះ​។

ឯកឧត្តម​បន្ត​ថា​ ការ​ចុះ​ត្រួតពិនិត្យ​នេះ​ ក្រសួង​បាន​រក​ឃើញថា​ ផ្នែក​ខ្លះ​នៃ​កំណាត់ផ្លូវ​នេះ​សាងសង់​មិនទាន់​ស្របតាម​លក្ខណៈ​ បច្ចេកទេស​ដោយ​ត្រង់​ចំណុច​ ដែល​បាន​ជួសជុល​រួច​មានស្នាម​បែក​ ប្រេះ​ និង​សំបុក​មាន់​ដែល​ត្រូវ​ចាត់​វិធានការណ៍​ ដោះស្រាយ​ឲ្យបាន​ទាន់ពេល​វេលា​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ស៊ុន​ ចាន់​ថុ​លនាន​ថ្លែង​ថា​ ជាមួយគ្នា​នេះ​បាន​ដាក់កំហិត​ឲ្យ​ក្រុមហ៊ុន​ពិនិត្យ​ និង​កែតម្រូវ​ឡើងវិញ​ឲ្យបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ ទើប​ក្រសួង​អាច​ទទួលយក​បាន​។ លោក​ទេស​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ពី​គោលជំហរ​ ក្នុង​ការ​ពង្រឹង​ការគ្រប់គ្រង​លើ​ការសាងសង់​ឲ្យបាន​ម៉ឺងម៉ាត់​ ដើម្បី​ធានា​គុណភាព​ផ្លូវ​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង​ ជា​ផល​ប្រយោជន៍​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ និង​សម្រាប់​បម្រើ​ដល់​ភាព​ងាយស្រួល​ ក្នុង​ជីវភាពរស់នៅ​ និង​ការ​ធ្វើដំណើរ​ទៅមក​ព្រមទាំង​ប្រកប​អា​ជី​កម្ម​ផ្សេង​ៗផង​ដែរ​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ថា​ “ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ ប្រកាន់​នូវ​គោលជំហរ​យើង​ “ឈប់​ទទួលយក​ផ្លូវ​ធ្វើ​ជាប់​ទៀតហើយ​ តែ​យក​ផ្លូវ​ធ្វើ​មាំ​”៕