រដ្ឋបាលខេត្តព្រះសីហនុប្រជុំពិភាក្សាការងារ ស្តីពីគម្រោងសំណល់រឹង និងប្លាស្ទិច


ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Katelijn Van Den Berg អ្នកឯកទេសជាន់ខ្ពស់ផ្នែកបរិស្ថាន និងជាប្រធានក្រុមការងារប្រឹក្សាយោបល់ នៃវិទ្យាស្ថានឧស្សាហកម្មបរិស្ថាន និងបច្ចេកវិទ្យា នៃសាធារណរដ្ឋកូរ៉េ KEITI ស្តីពីគម្រោងសំណល់រឹង និងប្លាស្ទិច ក្នុងគោលបំណងផ្តល់ជំនួយបច្ចេកទេសលើសំណល់រឹង និងប្លាស្ទិចនៅខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ។

ឯកឧត្តម ជាវ វិជ្ជាក់ បានស្វាគមន៍ និងជម្រាបជូនថា បើតាមស្ថិតិឆ្នាំ២០១៨ ក្រុងព្រះសីហនុមាន ៦សង្កាត់ មានប្រជាពលរដ្ឋកំពុងរស់នៅចំនួន ៧៥.២១០នាក់ និងមានជនបរទេស (ចិន) ប្រមាណ ៤០.០០០នាក់ ហើយសំរាមនាពេលបច្ចុប្បន្ន មានពី ៤០០ ទៅ ៥០០តោនក្នុងមួយថ្ងៃ នេះមិនទាន់គិតពីកាកសំណល់ការដ្ឋានសំណង់ ។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ដោយសារតែកំណើន នៃកាវិនិយោគនាពេលបច្ចុប្បន្នយ៉ាងគំហុក ធ្វើឱ្យសំរាមក៏មានការកើនឡើងផងដែរ ដែលជាកង្វល់របស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ដែលកំពុងគិតគូរដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយសង្ឃឹមថា នៅប៉ុន្មានឆ្នាំខាងមុខ បញ្ហាសំរាម ទឹកកខ្វក់ បរិស្ថាន និងវិលមករកភាពប្រក្រតីវិញជាក់ជាមិនខាន ។ ក្រៅពីនោះក៏មានសំណល់ប្លាស្ទិចនៅតាមអូរ ប្រឡាយមួយចំនួនមានដូចជាប្រឡាយ អិលវី (សង្កាត់លេខ៤ ) និងតំបន់ទំនប់ រលក(ផ្ទះប្រជានេសាទលើទឹក)។

លោកស្រី Katelijn Van Den Berg អ្នកឯកទេសជាន់ខ្ពស់ផ្នែកបរិ ស្ថាន និងជាប្រធានក្រុមការងារ នៃវិទ្យាស្ថានឧស្សាហកម្មបរិស្ថាន និងបច្ចេក វិទ្យា Korea Environmental Industry and Technology Institute/KEITI នៃសាធារណរដ្ឋកូរ៉េ មានប្រសាសន៍ថា គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីធ្វើឱ្យប្រសើរនូវចីរភាពផ្នែកហិរញ្ញវត្ថុ និងបរិស្ថាន លើកាកសំណល់រឹង និងថង់ប្លាស្ទិច នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ។ តាមការសិក្សាពិនិត្យឃើញថា សាលាក្រុងពុំមានថវិកាគ្រប់គ្រាន់ ម្យ៉ាងទៀតតម្លៃសេវាប្រមូលសំរាមពីប្រជាពលរដ្ឋមានការលំបាក ពិសេសបញ្ហាការគ្រប់គ្រងស្ថាប័នហិរញ្ញវត្ថុមានការខ្វះខាត កិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលសំរាម មិនមានតម្លាភាព ខ្វះការទំនាក់ទំនងក្នុងការប្រ មូល បញ្ចេញសំរាមក្នុងក្រុងនៅមានកម្រិត។ ដូច្នេះត្រូវពង្រឹងធនធានស្ថាប័នប្រមូលសំរាម ពិសេសសាលាក្រុង ត្រូវបង្កើតការិយាល័យគ្រប់គ្រងសំរាម ផ្សព្វផ្សាយរៀបចំផែនការ ចូលរួមត្រួតពិនិត្យ វាយតម្លៃក្នុងការប្រមូលសំរាម ។ បង្កើនការគ្រប់គ្រង និងប្រមូលសំរាមដោយអនុវត្តន៍នូវអនុក្រឹត្យលេខ១១៣ បង្កើនសកម្មភាពក្នុងការងារប្រមូលសំរាម មានដូចជា ៖

១-រៀប ចំគោលនយោបាយថ្នាក់ជាតិ -ក្រុង ។

២-គាំទ្រលើផ្នែកបច្ចេកទេស ។

៣-ការវិនិយោគលើគម្រោងសំណល់រឹង។

៤-តាមដានត្រួតពិនិត្យរាល់គម្រោងឱ្យមានប្រសិទ្ធភាព និងតម្លាភាព ។

លោកស្រីបានបន្តថា ការប្រមូលកាកសំណល់ គ្រឿងបរិក្ខារដឹកជញ្ជូនសំរាម និងហេ ដ្ឋារចនាសម្ព័ន្ធ ទីលានចាក់សំរាមឱ្យមានភាពសមរម្យ ។ កំណត់ជ្រើសរើសក្រុងអាទិភាព ធ្វើប្រតិបត្តិការកែទម្រង់កាកសំណល់រឹងទៅថ្ងៃអនាគត។ រៀបចំគោលនយោបាយអាទិភាពពាក់ព័ន្ធកាកសំណល់ប្លាស្ទិច និងការវិនិយោគ ដើម្បីកាត់បន្ថយការបញ្ចេញសំរាមប្លាស្ទិចចូលក្នុងប្រព័ន្ធផ្លូវទឹក ដើម្បីបរិស្ថានទីក្រុងទេសចរណ៍មានភាពទាក់ទាញ ៕