ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្ដរតនគិរី អាណត្តិទី៣, ទេសរដ្ឋមន្ដ្រី លី ធុជ ជំរុញឲ្យរដ្ឋបាលខេត្តខិតខំបម្រើពលរដ្ឋ ឲ្យបានល្អប្រសើរបន្ថែមទៀត


(រតនគិរី)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី៣ ដោយមានការចូលរួមពីសមាជិកក្រុមការងារថ្នាក់ជាតិ គណៈអភិបាលខេត្ត ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្តរតនគិរី ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី៣ ដើម្បីបន្តដឹកនាំខេត្តរតនគិរី ឲ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត ដែលរដ្ឋបាលខេត្តរតនគិរី មានចំនួនក្រុមប្រឹក្សាចំនួន១៩រូប។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៣ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩កន្លងមក ត្រូវបានវាយតម្លៃថាមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយលទ្ធផលនៃការបោះឆ្នោត ក៏ត្រូវបានទទួលស្គាល់ពី គណបក្សនយោបាយនានា ដែលបានចូលរួមក្នុងការបោះឆ្នោតនេះផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានណែនាំឲ្យសមាជិកក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព ដោយយុត្តិធម៌ ដោយមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។ ក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ក្រុមប្រឹក្សា គណៈអភិបាល និងមន្រ្តីអ្នកមុខអ្នកការ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នៃខេត្តរតនគិរី ត្រូវខិតខំបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀតក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។

រដ្ឋបាលខេត្តរតនគិរី ត្រូវខិតខំសម្របសម្រួល និងពង្រឹងការផ្តល់សេវាតាមអង្គភាពច្រកចេញចូលតែមួយនៅសាលាខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋមកទទួលសេវានៅកន្លែងតែមួយ ព្រមទាំងពិនិត្យតាមដាន និងគាំទ្រដល់ដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋនៅរដ្ឋបាលក្រុង ស្រុក ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលទាំងនេះ ដំណើរការប្រកបដោយតម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍ បែបបទ និងនីតិវិធីដែលបានកំណត់៕