សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរគម្រប់ព្រះជន្មាយុ៨៣ យាងចូល៨៤ព្រះវស្សា


នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាគម្រប់ព្រះជន្មាយុ៨៣ យាងចូល៨៤ ព្រះវស្សា ត្រូវបានប្រារព្ធឡើង នៅសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាកាក បាទក្រហមខេត្ត និងជាអភិបាលខេត្តព្រះវិហារ និងមានការចូលរួមពី ឯកឧត្តម លោក ជំទាវ អនុប្រធានកិត្តិយស ប្រធាន អនុប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកសមាជិកាគណៈកម្មាធិការ អនុសាខា យុវជនកាកបាទ ក្រហមកម្ពុជា មន្ត្រីរាជការ កងកម្លាំងទាំងបី និងព្រះសង្ឃ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានអានសារថ្វាយព្រះពរដោយមានខ្លឹមសារថាៈទូលបង្គំ
ជាខ្ញុំក្នុងគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងទាំងបី យុវជនកាកបាទក្រមកម្ពុជា ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ មានសេចក្តីសោមនស្សរីករាយជាទីបំផុត ក្នុងឱកាសដ៏សែននក្ខត្តឫក្សនិងថ្លៃថ្លាបំផុតនៃទិវាប្រារព្ធពិធីចម្រើន ព្រះជន្មសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងពេលនេះ។ ក្នុងទិវាដ៏ឧត្តុងឧត្តមនិងមហាថ្លៃថ្លានេះ ទូលព្រះបង្គំ ជាខ្ញុំទាំងអស់គ្នា សូមធ្វើអភិវនន្ទនកិច្ច ថ្វាយព្រះ ពរបវរមហាប្រសើរ សិរីសួស្តីជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថាទាំងទ្វេរបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុសក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះបរមរតនកោដ្ឋ សូមជួយប្រោសប្រសិទ្ធពរ និងបីបាច់និងអភិបាលរក្សា ព្រះអង្គជាទីគោរពនិងសក្ការៈ សូមព្រះអង្គមានព្រះរាជព្រះសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មវស្សាយឺនយូរ និងទ្រង់បំពេញព្រះរាជ កិច្ចក្នុងព្រះនាមជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ទទួលបានព្រះមហាជោគជ័យ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ក្នុងព្រះនាមព្រះវររាជមាតានៃប្រជារាស្រ្តខ្មែរ ជានិច្ចនិរន្តរ៍តទៅ។

នៅក្នុងកម្មវិធីនេះដែរក៏បានឧបត្ថម្ភថវិកាដល់យាយជីតាជីចំនួន៣០ នាក់ ដែលបានចូលរួមផងដែរ៕
បន្ទាប់មកបានចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង កុមារកំព្រា ជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍ សរុបចំនួន១០៦ គ្រួសារ
ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥ គីឡូ មី១ កេស ត្រីខ ១ យួរ ទឹកស៊ីអីវ ១ យួរ អាហារូបត្ថម្ភ ១០ កញ្ចប់ អាវ ចំនួន៥ និងថវិកាមួយចំនួនផងដែរ ។