ក្រោមម្លប់ នៃសុខសន្តិភាព! ប្រជាពលរដ្ឋស្រុកបាភ្នំ ខេត្តព្រៃវែង ប្រារព្វពិធីបុណ្យឡើងអ្នកតា មេ-ស ដើម្បីរំលឹក គុណូបការៈបុព្វការីជនស្នេហាជាតិ កសាងទឹកដី


(ព្រៃវែង)៖ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋស្រុកបាភ្នំ ខេត្តព្រៃវែង តែងតែរួមគ្នាប្រារព្វពិធីបុណ្យឡើងអ្នកតា មេ-ស ដើម្បីរំលឹកគុណូបការៈរបស់បុព្វការីជន ដែលមានស្នាដៃធំធេងក្នុងការគ្រប់គ្រង កសាងទឹកដីតាំងពីសម័យនគរភ្នំ (អំឡុងសតវត្សទី៥ នៃគ.ស) ឱ្យមានសេចក្តីសុខចម្រើនរហូតមកដល់បច្ចុប្បន្ន។

ក្នុងរយៈពេល ៣យប់ ៣ថ្ងៃ នៃពិធីបុណ្យ មានការរៀបចំកម្មវិធីនានា ស្របតាមទំនៀមទំលាប់ប្រពៃណីពីបុរាណ ដែលអ្នកស្រុកភូមិចងចាំរក្សាទុកមកដល់បច្ចុប្បន្នផ្សារភ្ជាប់ជាមួយព្រះពុទ្ធសាសនា និងការរៀបចំកម្មវិធីវប្បធម៌ ល្បែងប្រជាប្រិយ សិល្បះកំសាន្តចំរុះទាំងបុរាណ និងសម័យ។

ក្រោមម្លប់ នៃសុខសន្តិភាព និងផ្លែផ្កានៃការអភិវឌ្ឍរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន រយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ ពិធីបុណ្យឡើង អ្នកតា មេ-ស បានរៀបចំប្រារព្វឡើងវិញ មានភាពកាន់តែអធិកអធមជាលំដាប់ពី១ ឆ្នាំទៅ ១ឆ្នាំ ប្រជាពលរដ្ឋក្នុងស្រុកភូមិ និងបងប្អូនញាតិមិត្តជិតឆ្ងាយបានចូលរួមយ៉ាងច្រើនកុះករ។

ដោយឡែក នៅឆ្នាំ២០១៩នេះ ពិធីបុណ្យឡើងអ្នកតា មេ-ស ត្រូវបានរៀបចំប្រារព្វឡើងនៅថ្ងៃ១២-១៣-១៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមិថុនា ឆ្នាំ២០១៩។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណជិត ១០០០នាក់ មុនពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ១៧៣អង្គ នាព្រឹកថ្ងៃទី៣នៃពិធីបុណ្យ លោក ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងកោតសរសើរចំពោះកំលាំងសាមគ្គីភាពរបស់ប្រជាពលរដ្ឋស្រុកបាភ្នំ ទាំងមូល ដែលបានខិតខំថែរក្សាទំនៀមទំលាប់ប្រពៃណីល្អប្រពៃ របស់ស្រុកភូមិដើម្បីបន្តកេរ្តិ៍ដំណែល ដល់កូនចៅជំនាន់ក្រោយឱ្យចងចាំជានិច្ចនូវគុណូបការៈរបស់បុព្វបុរសស្នេហាជាតិជំនាន់មុន។

តម្លៃនៃការចងចាំនូវមេរៀនពិសោធន៍ ពីអតីតកាលគឺសុខសន្តិភាពសម្រាប់ការកសាងអភិវឌ្ឍទឹកដី ឆ្ពោះទៅកាន់អនាគតរុងរឿងរបស់មនុស្សគ្រប់ជំនាន់។

ហេតុនេះទោះជាក្នុងកាលៈទេសៈណាក៏ដោយ ទោះជាត្រូវបំភ្លៃនិងបំផ្លាញដោយមជ្ឈដ្ឋានអគតិណាក៏ដោយ យើងជាប្រជាពលរដ្ឋទាំងអស់ត្រូវចងចាំជានិច្ចនូវសច្ចធម៌ប្រវត្តិសាស្ត្រ៧មករា ដោយបន្តគាំទ្រ ឥតងាករេនូវបុព្វហេតុស្នេហាជាតិនៃការរំដោះប្រជាពលរដ្ឋយើងឱ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្គ្រាមនាំមកនូវសុខសន្តិភាព លទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍជូនមាតុភូមិនិងប្រជាជនយើងមក ដល់បច្ចុប្បន្ននិងតទៅអនាគតជារៀងរហូត៕