អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្តកោះកុង​នឹង​បញ្ចប់​ការសាងសង់​នៅ​ខែឧសភា​ឆ្នាំ២០២០


កោះ​កុងៈ​ អាកាសយាន​ដ្ឋាន​តារា​សាគរ​ដែល​ស្ថិតនៅ​ក្នុង​ខេត្តកោះកុង​ រួម​ជាមួយ​គម្រោង​វិនិយោគ​ជា​ជំហាន​ដំបូង​ចំនួន២​,២ពាន់​លាន​ដុល្លារ​ គ្រោង​នឹង​បញ្ចប់​ការ​សាសង​សង់​នៅ​ត្រឹម​ខែឧសភា​ ឆ្នាំ២០២០​ ខណៈ​ដែល​ការហោះហើរ​សាកល្បង​នឹង​ត្រូវ​ធ្វើឡើង​ជាលើកដំបូង​នៅក្នុង​អំលុង​ខែតុលា​ឆ្នាំ២០១៩ឆាប់​ៗនេះ​។

បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​ យ៉ាង​យូរ​នៅ​ត្រឹម​អំឡុង​ខែតុលា​ឆ្នាំ២០១៩​ ឆាប់​ៗខាងមុខនេះ​ ព្រលា​នយន្តហោះ​ អាកាស​យា​ដ្ឋាន​តារា​សាគរ​ ខេត្តកោះកុង​ នឹង​ចាប់​បើក​ដំណើរការ​ហោះហើរ​ និង​ចុះចត​សាកល្បង​ជាលើកដំបូង​។

អនុប្រធាន​ក្រុមហ៊ុន​ Union​ Development​ Group ​(UDG​) ដែល​បាន​ធ្វើការ​វិនិយោគ​លើ​ការ​សា​សង់​ លោក​ WANG​ CHAO​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ “យើង​គ្រោង​សាង​សង់​ព្រលា​នយន្តហោះ​នេះ​ឱ្យ​រួច​ ជាស្ថាពរ​នៅ​ខែឧសភា​ឆ្នាំ២០២០​ ហើយ​នៅ​ខែតុលា​យើង​នឹង​ធ្វើការ​ហោះហើរ​សាកល្បង​ ជាពិសេស​នៅ​ខែធ្នូ​ចុងឆ្នាំ២០២០យើង​នឹង​ហោះហើរ​ជា​ផ្លូវការ​តែម្ដង​”។

លោក​ WANG​ CHAO ​បានឱ្យ​ដឹង​បន្ថែម​ថា​ នៅ​ពេល​ព្រលា​នយន្តហោះ​ដំណើរការ​ក្រុមហ៊ុន​របស់​លោក​ នឹង​ធ្វើការ​បណ្ដុះបណ្ដាល​ ជំនាញ​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ដើម្បី​ប្រើប្រាស់​កម្លាំង​ពលកម្ម​ ក្នុង​ស្រុក​ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​។ ខណៈ​បច្ចុប្បន្ន​នេះ​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​ជុំវិញ​តំបន់​នោះ​មានកម្រិត​ ដូច្នេះ​ទើប​អាច​ត្រឹមតែ​ធ្វើការ​ងា​រស្រាលៗ​តែប៉ុណ្ណោះ​។

អនុប្រធាន​ក្រុមហ៊ុន​ UDG ​ឱ្យ​ដឹង​បន្ត​ថា​ អាកាសយាន​ដ្ឋាន​នៅ​ជាប់​សមុទ្រ​ និង​ភ្នំ​នេះ​ នឹង​មាន​ជើង​យន្តហោះ​ហើរ​ត្រង់​ទៅកាន់​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ ដែល​អាច​នឹង​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ កាន់តែ​ច្រើន​បន្ថែម​ទៀត​មក​ឱ្យ​ប្រទេស​កម្ពុជា​។ អាកាសយាន​ដ្ឋាន​អន្តរជាតិ​នេះ​អាច​ទទួលភ្ញៀវ៥លាន​នាក់​ក្នុង១ឆ្នាំ​។

អាកាសយាន​ដ្ឋាន​ប្រភេទ​F4 នេះ​មាន​ពី​សស​ម្រាប់​ឡើង​និង​ចុះចត​ប្រវែង៣.២០០ម៉ែត្រ​ នឹងអាច​ផ្ទុក​យន្តហោះ​ប្រមាណ៤០០គ្រឿង​។ ក្នុង​នោះ​យន្តហោះ​ធុន​ធំ​ប្រភេទ៧៧៧ក៏អាច​ចុះចត​បាន​។

ទោះជាយ៉ាងណា​លោក​ WANG CHAO ​បាន​បញ្ជាក់​ថា​ មិន​មាន​យន្តហោះ​ចម្បាំង​ឬប្រភេទ​ប្រដេញ​ទេ​ គឺ​មានតែ​យន្តហោះ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​។

លោក​ ហូ​ វណ្ឌី​ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ការ​មា​នព្រ​លាន​យន្តហោះ​ថ្មី​មួយទៀត​ នឹង​ហុច​សក្តា​នុ​ពល​សម្រាប់​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា​ ជាពិសេស​ផ្តល់​ឲ្យ​មាន​ជម្រើស​កាន់តែ​ច្រើន​ថែមទៀត​ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ ដែល​អាច​ហោះហើរ​ត្រង់​មក​កម្ពុជា​ ហើយ​ប្រសិន​ជា​ព្រលា​នថ្មីនេះ​មាន​ស្តង់​ដា​អន្តរជាតិ​ វា​នឹងអាច​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​មក​ពី​ប្រទេស​ថៃ​ និង​ខេត្ត​របស់​ថៃ​ដែល​ជាប់នឹង​កម្ពុជា​ អាច​ភ្ជាប់​បណ្តាញ​ហោះហើរ​ទៅវិញទៅមក​។

លោក​បន្ត​ថា​“ខ្ញុំ​ស្វាគមន៍​គំរោង​វិនិយោគ​ដ៏​ល្អ​នេះ​ ដែល​វា​នឹង​ជួយ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ និង​ទាក់ទាញ​ទេសចរណ៍​មក​ទស្សនា​កម្ពុជា​ កាន់តែ​ច្រើន​ថែមទៀត​”។

អាកាសយាន​ដ្ឋាន​តារា​សាគរ​ មាន​ទីតាំង​ស្ថិត​ចន្លោះ​ស្រុក​ថ្មបាំង​ និង​ស្រុក​បទុម​សាគរ​ ដែល​វិនិយោគ​ក្នុង​ការសាងសង់​ដោយក្រុម​ហ៊ុន​ចិន​ Union​ Development​ Group ​(UDG​) ។

គម្រោង​អាកាសយាន​ដ្ឋាន​មួយ​នេះ​ ត្រូវ​បាន​ផ្អាក​ការសាងសង់​មួយ​រយៈ​ កាលពី​អំឡុង​ចុងឆ្នាំ២០១៨​ ប៉ុន្តែ​បច្ចុប្បន្ន​គម្រោង​មួយ​នេះ​ បាន​បន្ត​សាងសង់​យ៉ាងសកម្ម​ ជាមួយ​ការសម្រេច​ឱ្យ​មានការ​ហោះហើរ​ និង​ចុះចត​នៅ​ត្រឹម​អំឡុង​ខែតុលា​ ឆ្នាំ២០១៩ឆាប់​ៗខាងមុខនេះ​។

ក្រៅពី​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​តារា​សាគរ​ ខេត្ត​ក៏​មាន​គម្រោង​អភិ​វឌ្ឃ​លើ​វិស័យ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ជាច្រើន​ ដែល​ជា​ការ​លើកស្ទួយ​ខេត្ត​ដែល​ធ្លាប់តែ​ស្ថិត​ក្នុង​ភាព​ឯកា​មួយ​នេះ​ក្លាយជា​ខេត្ត​ដ៏​ទាន់សម័យ​ និង​ឆើតឆាយ​ ជាមួយ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ គម្រោង​សាងសង់​មណ្ឌល​កម្សាន្ត​កម្រិត​អន្តរជាតិ​ក្រោម​ការ​វិនិយោគ​ពីសំណាក់​ក្រុង​ហ៊ុន​ចិន​ រួម​ជាមួយ​គម្រោង​ពង្រីក​ផ្លូវ​ និង​តភ្ជាប់​ពី​ខេត្តកោះកុង​ និង​ខេត្ត​បាត់​ដំ​បង់​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​វិស័យ​ដឹកជញ្ជូន​៕