ជប៉ុនសរសើរចំពោះលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតដែលបានប្រព្រឹត្ត ទៅដោយរៀបរយ និងមានអត្រាចូលរួមខ្ពស់


ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦–ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ដែលទើបតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ ចំពោះលទ្ធផលនៃការចុះឈ្មោះបោះឆ្នោត ដែលបានប្រព្រឹត្តិទៅដោយរៀបរយ និងមានអត្រាចូលរួមខ្ពស់។
សំខាន់ជាងនេះនោះ គ្រប់គណបក្សនយោបាយរបស់ប្រទេសកម្ពុជាទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងសុទ្ធតែគាំទ្រ និងទទួលយកបាននូវលទ្ធផល នៃការចុះឈ្មោះបោះឆ្នោតលើកនេះ។
នៅក្នុងជំនួបសម្តែងការគួរសម និងសវនការជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ នេះ នៅវិមានព្រឹទ្ធសភា ខណៈដែល ឯកឧត្តម ត្រូវបានតែងតាំងថ្មីជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Hidehisa HORINOUCHI បានថ្លែងអំណរគុណចំពោះសម្តេចប្រធាន ព្រឹទ្ធសភាកម្ពុជា ដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបនាឱកាសនេះ។
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងមិត្តភាពស៊ីជម្រៅ ពហុវិស័យ និងយូរអង្វែង។
ឯកឧត្តមបានថា កម្ពុជាជាប្រទេសមានលក្ខណៈពិសេសមួយ ដោយប្រទសជប៉ុន បានរួមចំណែក នៅក្នុងការចូលរួមដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា និងមានបេសកកម្ម ថែរក្សាសន្តិភាព នៅកម្ពុជាផងដែរ។
ឯកឧត្តមឯកអគ្គរាជទូតបានសរសើរពីការរីកចម្រើនរបស់កម្ពុជា ដែលក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងលឿន ឆ្លុះបញ្ចាំងពីការខិតខំ និងជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការរួមចំណែកយ៉ាងសកម្មលើវិស័យឯកជន។
ឯកឧត្តមឯកអគ្គរាជទូតសង្ឃឹមថា ក្នុងអាណត្តិបេសកកម្មរបស់លោកនៅកម្ពុជាលើកនេះ នឹងរួមចំណែក ធ្វើឱ្យទំនាក់ទំនងរវាងរដ្ឋាភិបាល ប្រជាជន អង្គការនីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរកាន់តែរឹងមាំ និងទូលំទូលាយថែមទៀត។
ឯកឧត្តមអគ្គរាជ ទូតក៏បានសម្តែងការស្វាគមន៍ចំពោះបេសកកម្មរបស់ គណៈប្រតិភូ គណៈកម្មការទី១ ព្រឹទ្ធសភាកម្ពុជា ដែលនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននាចុងខែធ្នូ ឆ្នាំ២០១៦នេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារសភាផង និងពង្រឹងពង្រីកទំនាក់ទំនងរវាងសភានៃ ប្រទេសទាំងពីរផងដែរ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលត្រូវបានក្លាយជាដៃគូយុទ្ធសាស្រ្ត។
ក្នុងនោះមានការហោះហើរ ត្រង់មកកាន់កម្ពុជារបស់ក្រុមហ៊ុន អាកាសចរណ៍ ANA ដែលបានរួម ចំណែកដ៏សំខាន់ដល់ការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងមនុស្សរវាងប្រទេសកម្ពុជា និងជប៉ុនឱ្យបានកាន់តែសកម្មថែមទៀត។
សម្តេចវិបុលសេនាភក្តី បានសម្តែងនូវការដឹងគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ ជំនួយ លើគ្រប់វិស័យក្នុងការស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ និងអរគុណចំពោះជំនួយជាអគារ សម្ភារ និងបរិក្ខារ ដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ដល់ ព្រឹទ្ធសភាកម្ពុជា។
ជាមួយគ្នានេះដែរ សម្តេចប្រធានបានថ្លែងអំណរគុណជូនរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយច្រើន ជាងគេដល់សាលាក្តីខ្មែរក្រហម និងផ្តល់ជំនួយបច្ចេកទេសសម្ភារ និងបរិក្ខារដល់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដើម្បីរៀបចំការចុះឈ្មោះបោះឆ្នោត ឱ្យបានដំណើរការទៅដោយរលូនតាម ពេលវេលាកំណត់ និងទទួលបានលទ្ធផលល្អ។
សម្តេចប្រធានព្រឹទ្ធសភាបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងត្រៀមរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០១៧ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅក្នុងឆ្នាំ២០១៨ ដើម្បីឱ្យគ្រប់ការបោះឆ្នោតទាំងនេះប្រព្រឹត្តទៅដោយរលូន និងល្អប្រសើរក្នុងបរិយាកាស សន្តិភាព គ្មានអំពើហិង្សា និងយុត្តិធម៌។
សម្តេចប្រធានព្រឹទ្ធសភា ក៏បានសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះលោកទូត ដែលត្រូវបាន តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមព្រឹទ្ធសភា និងសម្តេចផ្ទាល់ សម្តេចបានប្រកាសត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហការដ៏ជិតស្និទ្ធ ជាមួយឯកឧត្តមឯកអគ្គរាជទូត និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ដើម្បីរួមចំណែកបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ដ៏ល្អប្រពៃជាផ្លែផ្កាតទៅមុខទៀត៕

15392957_1366313600077422_6907361313669098362_o

15391424_1366313703410745_8172758697468651456_o

15392958_1366313863410729_8940927669360620499_o