កម្ពុជានឹងបញ្ជូនកម្លាំងមួកខៀវអាវុធហត្ថចំនួន៧៣នាក់ទៅស៊ូសង់ខាងត្បូងនៅចុងខែក្រោយ


ភ្នំពេញ: នៅចុងខែកក្តដា ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជូនកម្លាំងមួកខៀវអាវុធ ហត្ថចំនួន៧៣នាក់ ក្នុងនោះមានកម្លាំងនារី១១នាក់ ទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង ក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ។ កម្លាំងមួកខៀវទាំង៧៣នាក់នេះ គឺទៅដើម្បីប្តូរវេន កម្លាំងចាស់ ដែលនឹងបញ្ចប់ បេសកកម្មរបស់ខ្លួននៅចុង ខែកក្តដា ឆ្នាំ២០១៩ខាងមុខនេះដែរ។

នេះជាលើកទី១៣ហើយ ដែលកម្ពុជាបញ្ជូនកម្លាំងខៀវទៅបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង​ ហើយក៏ជាកងលើកទី៤៣ កម្ពុជាបញ្ជូនកងកម្លាំងមួកខៀវចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ។ ហើយកម្លាំងនេះ នឹងទៅបំពេញការងារផ្នែករក្សាសណ្តាប់ធ្នាប់ ត្រួតពិនិត្យចរាចរណ៍ និងត្រួតពិនិត្យរាល់សំភារៈរបស់អង្គការសហប្រជាជាតិ និងកម្លាំងមួកខៀវមកពីបណ្តាប្រទេសផ្សេងៗ ចេញចូលក្នុងបន្ទាយរបស់អង្គការសហប្រជាជាតិ។

មជ្ឈមណ្ឌលជាតិ បានបំពាក់ នូវឯកសណ្ឋាននិងគ្រឿងឧបករណ៍សម្ភារៈបំពាក់ថ្មី ដល់កម្លាំងទាំង៧៣នាក់ ក្នុងនោះមានស្រី្តចំនួន១១នាក់ផងដែរ។ កម្លាំងទាំង៧៣នាក់ ភាគច្រើនជាកម្លាំងដែលធ្លាប់បានទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ ក្នុងប្រទេសមួយចំនួនរួច ម្តងឬ២ដងរួចមកហើយ។

ឆ្នាំ២០១៩នេះ​គឺជាឆ្នាំទី១៣ ដែលកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៨ លើជំនាញ វិស្វកម្ម បោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ ពេទ្យ អាវុធហត្ថ សង្កេតការណ៍ និងនាយទាហានសេនាធិការ។ កម្ពុជាបន្តបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់ប្រទេសកំពុងមានជំម្លោះផ្ទៃក្នុងនោះ​ ទៅតាមការស្នើសុំរបស់អង្គការសហប្រជាជាតិ។ ជាមួយគ្នាកងកម្លាំងមួកខៀវកម្ពុជា​ គឺពិតមានស្នាដៃ និងទទួលបានជោគជ័យគ្រប់ការងារបេសកកម្មកន្លងទៅ។

ពីឆ្នាំ២០០៦ រហូតមកដល់ពាក់កណ្តាលឆ្នាំ២០១៩នេះ កម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនចំនួន៦២៧១នាក់ ក្នុងនោះមាននារីចំនួន៣១៥នាក់ ចូលរួមបេសកកម្មអង្គការសហប្រជាជាតិ នៅប្រទេសចំនួន៨ មានស៊ូដង់ ស៊ូដង់ខាងត្បូង ស៊ីរី ឆាដ សាយប្រឹស លីបង់ ម៉ាលី និងអាហ្វ្រិកកណ្តាល។ បច្ចុប្បន្ន កម្លាំងកំពុងបំពេញបេសកកម្មមានចំនួនជាង៨០០នាក់ ក្នុងនោះនារីចំនួន៦៧នាក់ នៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី អាហ្រិកកណ្តាល និងលីបង់៕