កម្ពុជា ចិន ចុះហត្ថលេខាលើវិស័យសុខាភិបាល


cam-chi-07-12-16-2-copy

     ក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាលចិន បានចុះហត្ថលេខាសហការគ្នា លើវិស័យសុខាភិបាល។ ការចុះអនុស្សរណៈយោគយល់គ្នា បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ធ្នូនេះ រវាងរដ្ឋមន្ត្រីក្រសួងសុខាភិបាល កម្ពុជា លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង និងរដ្ឋមន្ត្រីនៃគណៈកម្មការជាតិ សុខាភិបាលចិន លោកស្រី Li Bin។

     លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា អនុស្សរណៈយោគយល់គ្នាគឺមាន ៤ចំណុច រួមមានៈ

     ១- កិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាព និងផែនការគ្រួសារនៃប្រទេសទាំង២ ដោយភាគីចិននិងកម្ពុជា បានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការមួយចំនួន ដូចជាៈ ការត្រួតពិនិត្យការរីករាលដាលនៃជំងឺឆ្លង ជាពិសេសជំងឺផ្ដាសាយបក្សី… ការបង្ការនិងការត្រួតពិនិត្យមេរោគអេដស៏… ជំងឺអេដស៏ ការបង្ការនិងការត្រួតពិនិត្យជំងឺគ្រុនចាញ់ ជំងឺវះកាត់របួស ដោយការប៉ះទង្គិច និងឱសថបុរាណជាដើម។

     ទី២- ការសហការគ្នាលើផ្នែកគាំពារមាតា និងទារក នឹងផ្ដល់នូវការផ្លាស់ប្ដូរបទពិសោធន៍បច្ចេកទេស និងពង្រឹងជំនាញមន្ត្រីសុខាភិបាលលើកិច្ច គាំពារមាតា និងទារក ព្រមទាំងផ្តល់សេវាពិនិត្យពិគ្រោះជំងឺសម្រាប់ស្ដ្រី និងកុមារដោយក្រុមគ្រូពេទ្យស្មគ្រ័ចិត្តចិន។

     ទី៣- ផ្នែកបណ្ដុះបណ្ដាលបច្ចេកវិទ្យា ការអភិវឌ្ឍន៍ ការផ្លាស់ប្ដូរការសិក្សា តេលេវេជ្ជសាស្ត្រ និងស្រាវជ្រាវ រវាងមន្ទីរពេទ្យហ៊ូណាន របស់ចិន ជាមួយមន្ទីរពេទ្យកុមារជាតិរបស់កម្ពុជា។

     ទី៤- ផ្នែកបណ្ដុះបណ្ដាល និងស្រាវជ្រាវរវាងសាកលវិទ្យាល័យក្វាងស៊ី របស់ចិន ជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយផ្ដោតលើកិច្ច សហការផ្នែកទន្តសាស្ត្រ និងសកម្មភាពផ្សេងៗទៀត។

     ចិនគឺជាប្រទេសមួយ ដែលផ្ដល់ជំនួយសំខាន់មួយដល់ក្រសួងសុខាភិបាល ផងដែរ នាពេលកន្លងទៅចិនបានផ្ដល់រថយន្តគិលានសង្គ្រោះ ២០០គ្រឿង និងម៉ាស៊ីនអេកូ រាប់រយគ្រឿងផងដែរ ដល់ក្រសួងសុខាភិបាល។

cam-chi-07-12-16-3-copy