ចាប់ពី ថ្ងៃស្អែកទៅ ភ្លៀងនឹងធ្លាក់ពីមធ្យមទៅខ្លាំង ក្រសួងប្រាប់ឲ្យប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់


ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​បាន​ឲ្យដឹង​នៅក្នុង​សេចក្តី​ជូនដំណឹង​មួយ​ចេញផ្សាយ​កាលពី​ព្រឹកមិញ​ថា​ ​បច្ចុប្បន្ន​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ទទួលរង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​ ​ដែល​អូស​បន្លាយ​លើ​ប្រទេស​ឡាវ​ ​និង​វៀតណាម​ ​ជាមួយ​និង​របប​ខ្យល់មូសុង​និរតី​បក់​ក្នុង​កម្រិតមធ្យម​។​

​លក្ខណៈ​បែបនេះ​ ​នឹង​បង្ក​ឲ្យ​តំបន់​មួយចំនួន​ធំ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ ចាប់ពី​ថ្ងៃទី២០​ ​មិថុនា​ ​ស្អែកនេះ​ ​រហូតដល់​ថ្ងៃទី២៦​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​

​ក្នុង​នោះ​បណ្តា​ខេត្ត​-​ក្រុង​នៅ​តំបន់​វាលទំនាប​កណ្តាល​ ​និង​តំបន់​មាត់សមុទ្រ​ ​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​តិច​ទៅ​បង្គួរ​ ​ទន្ទឹម​នោះ​ ​ក៏អាច​មាន​ផ្នែក​ខ្លះ​ខ្លាំង​។​

​ដោយឡែក​បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ ​និង​ឦសាន​ ​ក៏​នឹងអាច​មាន​ភ្លៀង​ផង​ដែរ​ ​តែ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។​

​ជាមួយគ្នា​នេះ​ ​បាតុភូត​ ​ផ្គរ​ ​រន្ទះ​ ​និង​ខ្យល់​កន្រ្តាក់​ ​នៅតែ​បន្ត​កើតមាន​ ​ពិសេស​តំបន់​ទំនាប​កណ្តាល​ ​អាស្រ័យហេតុ​នេះ​ ​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​ក៏​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​បង្កើន​ការ​ប្រុងប្រយ័ត្ន​ ចំពោះ​បណ្តា​បាតុភូត​ខាងលើ​នេះ​ផង​ដែរ​៕​