គណៈប្រតិភូជាន់ខ្ពស់សភា នឹងទៅចូលរួមប្រជុំក្នុងក្របខណ្ឌអាស៊ាននៅនៅទីក្រុងបាងកកប្រទេសថៃ


ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភាអាស៊ាន(អាយប៉ា) នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៤ នៅទីក្រុងបាងកក ប្រទេសថៃចាប់ពីថ្ងៃទី២០-២៣ ខែមិថុនានេះ ដើម្បីឆ្ពោះទៅ​រក​ការ​សម្រេចបានគោលបំណងនៃសនិ្តភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងសហគមន៍ទាំងមូល។

សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី១៩ ខែមិថុនានេះ បានឲ្យដឹងថា ដំណើរទៅចូលរួមកិច្​ចប្រជុំ​ទាំងពីរក្នុងក្របខណ្ឌអាស៊ាននេះ ដឹកនាំដោយលោកជំទាវ ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា តបតាមការអញ្ជើញ​របស់​ឯកឧត្តម ឆួន លីគប៉ៃ (Chuan Leekpai) ប្រធានរដ្ឋសភាថៃ និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន លើកទី៤០ ដែលជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំកំពូលនេះ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ លោកជំទាវ ឃួន សុដារី នឹងចូលរួមផ្តល់នូវអនុសាសន៍​ដោយផ្តោតសំខាន់លើបញ្ហាគន្លឹះ ដែលជាការប្រឈមរួមរបស់ប្រទេសជាសមាជិកអន្តរសភាអាស៊ាន និងអាស៊ាន ព្រមទាំងធ្វើការចែករំលែកទស្សនៈស៊ីជម្រៅអំពីការរួមគ្នាដោះស្រាយបញ្ហាទាំងនោះ តាមរយៈការបង្កើនភាពទុកចិត្ត និងទំនាក់ទំនងល្អ ក្នុងបណ្តាប្រទេសជាសមាជិក ស្របតាមស្មារតីសសរស្តម្ភទាំង៣របស់អាស៊ាន គឺសន្តិសុខ-នយោបាយ សេដ្ឋកិច្ច និងសង្គមវប្បធម៌។

ក្រៅពីកិច្ចប្រជុំនេះ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក៏គ្រោងជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី​ជាមួយសមភាគីសភាប្រទេសសមាជិកអាស៊ាន ក្នុងគោលបំណងរួបរួមគ្នាពង្រឹង និងលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម ដោយផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ ការចែករំលែកភាពរីកចម្រើន ការគោរពគ្នាទៅវិញទៅមក និងអធិបតេយ្យភាពស្មើគ្នា សំដៅថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពទាំងក្នុងតំបន់ និងសកលលោក។

សូមបញ្ជាក់ថា កិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភាអាស៊ាន ក្នុងកំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះ គឺជាកិច្ចប្រជុំកម្រិតខ្ពស់បំផុត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមករវាងអង្គនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ តាមរយៈផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាលើកិច្ចការរបស់អាស៊ាននៅគ្រប់កម្រិត ដើម្បីឆ្ពោះទៅរកការសម្រេចបានគោលបំណងនៃសនិ្តភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងការពន្លឿន និងជំរុញឲ្យសម្រេចបាននូវសហគមន៍ អាស៊ានមួយ ដោយឈរលើមូលដ្ឋាន«ផ្តោតសំខាន់លើប្រជាជន និងយល់ដឹងពីសារៈសំខាន់នៃអាស៊ាន» និងត្រៀមខ្លួនសម្រាប់ការពង្រីកអាស៊ាន នាពេលអនាគត៕