វគ្គបណ្ដុះបណ្ដាលថ្នាក់តំបន់ស្ដីពីការអភិវឌ្ឍឥរិយាបថបែបវិទ្យាសាស្ត្រសម្រាប់កុមារតូច


ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ SEAMEO-CECCEP រៀបចំវគ្គបណ្ដុះបណ្ដាលស្តីពីការអភិវឌ្ឍឥរិយាបថវិទ្យាសាស្ត្រសម្រាប់កុមារតូច (Regional Training Course on Stories and Scientific to Develop Scientific for Children) ក្នុងគោលបំណង អភិវឌ្ឍសមត្ថភាពដល់មន្ត្រីជំនាញនាយកដ្ឋានអប់រំកុមារតូច និងគ្រូឧទ្ទេសនៃសាលាមធ្យមសិក្សាមត្តេយ្យមជ្ឈឹម។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលប្រព្រឹត្តទៅចាប់ថ្ងៃពុធ ២រោច ដល់ថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅសណ្ឋាគារទន្លេបាសាក់១ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោកជំទាវ បានសម្តែងការអបអរសាទរចំពោះ SEAMEO-CECCEP ដែលបានសហការផ្តល់វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ព្រមទាំងជំរុញលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ បង្កើននូវចំណេះដឹងថ្មីៗ ដើម្បីអនុវត្តកម្មវិធីសិក្សាលម្អិតសម្រាប់មត្តេយ្យសិក្សារដ្ឋថ្មី ជាពិសេសកសាងមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍមូលធនមនុស្សនាពេលអនាគត៕