ឯកឧត្ដម សៅ សុភាព បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យនិងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង(IESIA)


នាល្ងាចថ្ងៃពុធ ២រោច ខែជេស្ឋ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យនិងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង(IESIA) សម្រាប់គម្រោងអាជីវកម្មថ្មអារ(ក្រានីត) លើផ្ទៃដីទំហំ៣៥ហិកតា ស្ថិតនៅក្នុងតំបន់វាលល្វៀង ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ របស់ក្រុមហ៊ុន ហ្សឺ លី ខេមក្រានីត ដែលត្រូវបានសិក្សានិងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង(IESIA)ដោយក្រុមហ៊ុនទីប្រឹក្សា អ៊ិនវ៉ាយរ៉ូថេក សឺវីស ខូ អិលធីឌី(Envirothech Service Co.,Ltd)។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម លោក និងលោកស្រី តំណាងអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សា អភិវឌ្ឍន៍ដោយចីរភាព អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាល ព្រៃឈើ និងរដ្ឋបាលជលផល) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មន្ទីរបរិស្ថានខេត្ដក្រចេះ និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន ហ្សឺ លី ខេមក្រានីត និងក្រុមហ៊ុន ទីប្រឹក្សា អ៊ិនវ៉ាយរ៉ូថេក សឺវីស ខូ អិលធីឌី(Envirothech Service Co.,Ltd) សរុប៣៤នាក់។
ជារួមអង្គប្រជុំបានទទួលលទ្ធផលដូចខាងក្រោម៖
១- គាំទ្រចំពោះការបង្កើតគម្រោងអាជីវកម្មថ្មអារ(ក្រានីត) របស់ក្រុមហ៊ុន ហ្សឺ លី ខេមក្រានីតនៅខេត្តក្រចេះ
២- ក្រុមហ៊ុន ហ្សឺ លី ខេមក្រានីតត្រូវ បង់មូលនិធិបរិស្ថាន និងសង្គមប្រចាំឆ្នាំទៅតាមទិន្នផលប្រចាំឆ្នាំ និងតាមការកំណត់របស់ក្រសួងបរិស្ថាន
៣- ក្រុមហ៊ុន ហ្សឺ លី ខេមក្រានីតត្រូវគ្រប់គ្រងសំណល់រឹង-រាវ ជាពិសេសសំណង់រឹងដូចជាកម្ទេចថ្ម ឱ្យបានត្រឹមត្រូវតាមស្ដង់ដាណែនាំរបស់ក្រសួងបរិស្ថាន
៤- ក្រុមហ៊ុន ហ្សឺ លី ខេមក្រានីតត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើមី្បបញ្ចូលមតិណែនាំលម្អិតដែលនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថានផ្តល់ជូន និងបន្ថែមនូវរាល់មតិណែនាំរបស់អន្តរក្រសួងក្នុងកិច្ចប្រជុំនេះទៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងអោយបានត្រឹមត្រូវ។