អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ UN ផ្សព្វផ្សាយព័ត៌មានមិនពិតពីកម្ពុជាថា បិទសំឡេងបក្សប្រឆាំង


ភ្នំពេញ ៖ បន្ទាប់ពីអង្គការសហប្រជាជាតិ(UN) បានចេញសេក្ដីប្រកាសព័ត៌មាន ដោយបានសម្ដែងក្តីកង្វល់ថា រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ បានបំបិទសំឡេងគណបក្សប្រឆាំងនោះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន បានបង្ហាញការមិនពេញចិត្តទៅវិញដែរ ដោយលោកលើកឡើងថា នេះ គឺជាការផ្សព្វផ្សាយព័ត៌មាន មួយមិនត្រឹមត្រូវទាល់តែសោះ ខណៈបច្ចុប្បន្នគណបក្សប្រឆាំង មានសេរីភាពគ្រប់គ្រាន់ ។

ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងថា “ខ្ញុំជឿថា ជាការផ្សព្វផ្សាយព័ត៌មានមួយដែលមិនចំ។ ពេលបច្ចុប្បន្ននេះ គណបក្សប្រឆាំងគាត់មានសេរីភាពគ្រប់គ្រាន់គ្រប់ជ្រុងជ្រោយ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលទៀត តាមអង្គភាពមួយគេថា ក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នោះ ដែលខុសប្លែកពីគណបក្សដែលត្រូវបានរំលាយដោយតុលាការ។

ពាក់ព័ន្ធទៅនឹងអតីតគណបក្សសង្រ្គោះជាតិនេះ ឯកឧត្តម ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ ត្រូវតែគោរពពីអធិបតេយ្យភាព របស់តុលាការកម្ពុជា ។ លោកថា គណបក្សដែលត្រូវបានរំលាយ ដោយតុលាការកំពូលទៅហើយ គឺគ្មានសិទ្ធិសេរីភាពណាមកធ្វើសកម្មភាព នយោបាយទៀតឡើយ រហូតដល់៥ឆ្នាំទើបពួកគេមានសិទ្ធិ៕