រដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយផែនការមេស្តីពី ការកែលំអរប្រព័ន្ធលូ និងទឹកសម្អុយនៅរាជធានីភ្នំពេញ


រដ្ឋបាលរាជធានីភ្នំពេញ បានបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ផែនការមេកែលំអរប្រព័ន្ធលូ និងទឹកសម្អុយ នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការពីអង្គការ JICA ជប៉ុន និងក្រោយពីបានសិក្សា ផ្នែកបច្ចេកទេសរួច។ សិក្ខាសាលានេះធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នួន ផារ័ត្ន, ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ និងលោក Sugano Yuichi ប្រធានតំណាងការិយាល័យ JICA ជប៉ុនប្រចាំនៅកម្ពុជា។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា សិក្ខាសាលាពេលនេះ យើងចង់បង្ហាញជាសាធារណៈពីផែនការយុទ្ធសាស្ត្រ និងប្លង់គោលកែលំអរប្រព័ន្ធលូ និងទឹកសម្អុយ នៅរាជធានីភ្នំពេញ ដើម្បីរំដោះខ្លួនចេញ ពីការលិចលង់ ដោយជំនន់ទឹកភ្លៀង។ ម៉្យាងទៀត យើងចង់ប្រមូលការពិគ្រោះយោបល់ បានធាតុចូលឲ្យបានច្រើន ដើម្បីយើងមានលទ្ធភាពក្នុងការដាក់ចេញគោលការណ៍ចំទិសដៅដែលបានកំណត់ ដើម្បីបន្ស៊ីគ្នារវាងអាណត្តិក្រុមប្រឹក្សានៃផែនការ៥ឆ្នាំ, ផែនការ៣ឆ្នាំរំកិល និងការប្រើប្រាស់ថវិកា។

ឯកឧត្តម នួន ផារ័ត្ន បញ្ជាក់ថា ត្រូវធ្វើតាមផែនការ កុំធ្វើ តាមលុយ។ យើងលើកគំរោងជាមុនទើបទទួលបានលុយជាក្រោយ បើយើងទំលាប់ធ្វើតាមទម្លាប់គួរប្តូរ មកធ្វើតាមផែនការវិញទើបជោគជ័យ ព្រោះគេធ្វើអ្វី ក៏ដោយក៏ត្រូវមានផែនការ មានគំរោងច្បាស់លាស់ដែរ។ ការរៀបចំកែលំអរប្រព័ន្ធលូ និងទឹកសម្អុយក្នុងរាជធានីភ្នំពេញ ក៏ត្រូវការផែនការមេច្បាស់លាស់ដែរ ដើម្បីធានាដល់ការប្រើប្រាស់មាននិរន្តរភាព និងធ្វើការកែសម្រួលផែនការមួយឆ្នាំម្តង ឲ្យស្របតាមបរិមាណប្រជាជនក្នុងទីក្រុង ដែលកើនឡើងឥតឈប់ឈរ។

សូមបញ្ជាក់ថា គិតពីឆ្នាំ២០០១មក ជប៉ុនបានផ្តល់ជំនួយឥតសំណងតាមរយៈអង្គការ JICA បានជួយលើការកែលំអរការការពារទឹកជំនន់ ដល់រាជធានីភ្នំពេញ តាំងពីជំហ៊ានទី១ ដល់ជំហ៊ានទី៤ ដែលកំពុងដំណើរការ នាពេលនេះ ដែលតាមរយៈការកែលំអរប្រពន្ធ័លូជាបន្តបន្ទាប់នេះ អាជ្ញាធររាជធានីភ្នំពេញ បានពិនិត្យឃើញថា ភូមិសាស្ត្រជាច្រើន ក្នុងទីក្រុងដែលធ្លាប់តែលិចខ្លាំង បានកាត់បន្ថយមកលិចឆាប់ស្រក ជាពិសេសក្នុងភូមិសាស្ត្រ ខណ្ឌ៤ នៅកណ្តាលក្រុង។ អាជ្ញាធរសង្ឃឹមថា នៅក្រោយឆ្នាំ២០២១ ភូមិសាស្ត្រកណ្តាលក្រុងភ្នំពេញ នឹងលែងលិចដោយជំនន់ទឹកភ្លៀងទៀតហើយ៕