ប្រជាកសិករនៅស្រុកកញ្ច្រៀចកំពុងតែកាក់កបដាំបន្លែសុវត្ថិភាព ព្រោះមានទីផ្សារអាចរកចំណូលបានច្រើនគួរសម


(ព្រៃវែង)៖ ប្រជាកសិករដាំដុះបន្លែសុវត្ថិភាពនៅ ស្រុកកញ្ជៀច ខេត្តព្រៃវែងមានការកើនឡើងច្រើនខុសពីឆ្នាំមុន ដោយឆ្នាំមុនចំនួនអ្នកដាំដុះបន្លែសុវត្ថិភាពមានចន្លោះប្រមាណ១៥ហិកតាទេ ក៏ប៉ុន្តែនៅឆ្នាំ២០១៩នេះបានកើនឡើងដល់ប្រមាណ៣០ហិកតា ព្រោះកត្តាតម្លៃបន្លែសុវត្ថិភាពលក់នៅលើទីផ្សារបានថ្លៃគួរសម ហើយឈ្មួញចុះមកទិញដល់កន្លែងបានផ្តល់កម្លាំងចិត្តដល់ប្រជាកសិករដាំបន្លែបន្ថែម។

ប្រជាពលរដ្ឋរស់នៅក្នុង ភូមិ អ្នកតាជ័យ , ភូមិត្រពាំងប្រស្រែលិច និង ភូមិត្រពាំងប្រស្រែកើត ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងដែល ជាកសិករដាំបន្លែសុវត្ថិភាពបាននិយាយទាំងទឹកមុខស្រស់ស្រាយប្រាប់ថា ពួកគាត់បានចាប់អាជីពនេះជាង ២០ឆ្នាំមកហើយ អាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារដោះស្រាយជីវភាពប្រចាំថ្ងៃបានយ៉ាងស្រួលនិងផ្គត់ផ្គង់ឲ្យកូនសិក្សា ដោយមិនបាច់ចំណាកស្រុកទៅប្រទេសជិតខាងនោះទេ។

ក្នុងនោះប្រជាពលរដ្ឋបានបន្តទៀតថាមុនដំបូងមានពលរដ្ឋប្រមាណជាង៥ទៅ៦គ្រួសារតែប៉ុណ្ណោះដែលចាប់អាជីពដាំបន្លែ ដើម្បីយកទៅលក់ បានប្រាក់ចំណូលផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃក្នុងគ្រួសារ ដោយពេលនោះពួកគាត់មិនទាន់ចេះបច្ចេកទេស ឬ ប្រើថ្នាំធម្មជាតិថ្នាំគីមី អ្វីឡើយ។ ក្រោយមកក៏មានមន្ត្រីជំនាញផ្នែកកសិកម្មចុះណែនាំបង្រៀនបច្ចេកទេសការដាំបន្លែសុវត្ថិភាពប្រើប្រាស់ថ្នាំតាមការកំណត់ ពេលដែលប្រើ និងពេលប្រមូលផលដោយត្រូវតាមការគោការណ៍ កំណត់គឺមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគនោះឡើយ។

ការណែនាំទាំងបច្ចេកទេសរបស់មន្ត្រីជំនាញធ្វើឲ្យប្រជាពលរដ្ឋ បានយល់ដឹង និងមានកំកើនឡើងការដាំដុះបន្លែសុវត្ថិភាពកាន់តែច្រើនក្នុងឆ្នាំ២០១៩នេះ ដីស្រែដែលធ្លាប់តែធ្វើស្រែបែរជាក្លាយជា កន្លែងដាំបន្លែសុវត្ថិភាពសឹងតែអស់ទៅហើយ។ គាត់បានបន្តថាសព្វថ្ងៃនេះគឺមិនពិបាកយកទៅលក់នៅទីផ្សារនោះទេ គឺមានឈ្មួញមកទទួលទិញដល់កន្លែងតែម្តង គឺថាចាំតែកាត់ដាក់ថង់ទៅបានហើយ។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខប្រម៉ាញ់និងនេសាទ ខេត្តព្រៃវែងបានឲ្យដឹងថាផ្ទៃដីនៅឃុំគោកគង់លិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដែលប្រជាពលរដ្ឋដាំបន្លែសុវត្ថិភាព ទាំងរដូវវស្សានិងរដូវប្រាំងនៅលើផ្ទៃដីប្រមាណ ២៩ ទៅ ៣០ហិកតា ។ ចំណែកបន្លែដែលដាំនោះមានដូចជាស្ពៃចង្កឹះ ស្ពៃតឿ ខាត់ណា ស្ពៃក្រញាញ់ ស្ពៃស សាច់ថាវ ម្រះ និងត្រសក់ជាដើម។ ប៉ុន្តែនៅរដូវប្រាំងវិញប្រជាពលរដ្ឋបានបង្កើនការដាំដុះបន្លែសុវត្ថិភាពនៅលើផ្ទៃដីធ្វើស្រែបន្ថែមទៀត។ ហើយនៅក្នុងស្រុកកញ្ច្រៀចគឺមិនទាន់មានបន្លែសរីរាង្គនោះទេ ក៏ប៉ុន្តែយើងមានបន្លែសុវត្ថិភាព ដោយក្រុមបច្ចេកទេសរបស់មន្ត្រីកសិកម្មបានចុះណែនាំទៅដល់ប្រជាកសិករ អោយប្រើថ្នាំកសិកម្មតាមការកំណត់ពេលប្រើនិងប្រមូលផងឲ្យបានច្បាស់លាស់។

លោកបានបន្ថែមទៀតថា មន្ទីរកសិកម្មខេត្តព្រៃវែង បានជំរុញសម្រាប់ក្រុមកែលម្អ និងដើមទុនសម្រាប់បង្វិលជូនកសិករខ្វះខាត ក្រៅពីហ្នឹងក៏មាន វគ្គបណ្ដុះបណ្ដាលបច្ចេកទេសការដាំ និងស្វែងរកទីផ្សារ អ្នកដាំនិងអ្នកទិញរកទីផ្សាជូនកសិករផងដែរ ខាងមន្ទីរបានអញ្ជើញ ឈ្មួញខាងភ្នំពេញ កំពង់ចាម ត្បូងឃ្មុំ ដើម្បីពិភាក្សា ការកម្មង់ទិញបន្លែសុវត្ថិភាព តាមតម្រូវការក្នុងទីផ្សារ។

បងប្អូនប្រជាកសិករនៅទីនោះក៏សូមអំពាវនាវដល់ អាជ្ញាធរពាក់ព័ន្ធមន្ត្រីជំនាញក្រសួងស្ថាប័នទាំងអស់មេត្តាជួយចុះផ្ដល់បច្ចេកទេសក្នុងការដាំដុះបន្ថែមទៀតដើម្បីទទួលបានផលល្អច្រើននិងសូមឲ្យជួយស្វែងរកទីផ្សារដើម្បីឲ្យពួកគាត់ទទួលបាននូវប្រាក់ចំណេញ ពីការដាំបន្លែធម្មជាតិនៅក្នុងស្រុកកញ្ជ្រៀចនេះ ដើម្បីជួយពង្រឹងនិងលើកកម្ពស់សុខភាព ដល់អ្នកហូប ទូទាំងប្រទេសផងដែរ៕