អភិបាលខេត្តតាកែវដឹកនាំមន្រ្តីរាជការ ប្រជាពលរដ្ឋ សិស្ស គរុសិស្ស ដាំកូនឈើគគីរនៅសួនច្បារមិត្តភាពកម្ពុជាវៀតណាម


នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៩​ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្រ្តីរាជការក្នុង​ជួ​រ​គណៈ​អភិ​បាលខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សិស្ស គរុសិស្ស និងបងប្អូន​ប្រជា​ពលរដ្ឋ បាននាំគ្នាអញ្ជើញដាំកូនឈើប្រណិត ប្រភេទ​ដើម​គគីរ​ចំនួន១៣៤ដើម ជាប្រភេទឈើលេខ១ នៅសួនច្បារមិត្តភាពកម្ពុជាវៀតណាម ក្បែរសាលាខេត្តតាកែវ ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា ការចូលរួមដាំកូនឈើប្រណិតនាពេលនេះ គឺក្នុងគោលបំណងអបរអរសារទាររក្ខទិវា៩កក្កដា នឹងបំផុសចលនាឲ្យប្រជាពលរដ្ឋ មន្រ្តីរាជការ សិស្សានុសិស្ស នាំគ្នាចូលរួមឲ្យសកម្ម ក្នុងការដាំ និងកាពារព្រៃឈើនៅទីរួមខេត្ត និងក្រុង​ឲ្យមា​ន​ភាព​ស្រស់​បំព្រង ពោរពេញទៅដោយ ពណ៌បៃតងស្រស់ខៀវខ្ចី អមដើមឈើពេញដងផ្លូវ ជាពិសេស បង្កើននូវ​ធន​ធានព្រៃឈើឲ្យសំបូរឡើងវិញ ព្រមទាំងរក្សាបាននូវប្រភពទឹក សម្រួលធាតុអកាស ឲ្យ​មាន​ប្រកតី​ភាព​អនុគ្រោះដល់ជីវិតមនុស្សសត្វផងដែរ ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា គុណតម្លៃនៃធម្មជាតិ ពិសេសគឺ​បរិស្ថាន​គឺជាការ​បម្រើ​ឲ្យ​គ្នា​ទៅវិញទៅមក ដើមឈើ និងអនាម័យនេះហើយ ដែលជម្រុញឲ្យខេត្តរបស់យើង មានសោភ័ណ្ឌភាពល្អ និងខ្យល់បរិយាកាសល្អ ហើយតាមរយៈបរិស្ថានល្អ ដើមឈើសំបូរ នោះបងប្អូនប្រជាពលរដ្ឋ នឹងរស់នៅ ប្រកបដោយបរិយាកាសល្អ សុខភាពរឹងមាំល្អ និងទាក់ទាញទេសចរណ៍មកលេងខេត្តយើងកាន់តែច្រើន​ថែម​ទៀតផង ៕