កិច្ចប្រជុំអន្តររដ្ឋាភិបាលលើកទី២៤ របស់គណៈកម្មាធិការសម្រសសម្រួលសមុទ្រអាស៊ីបូព៌ា


នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម វ៉ាន់ មុនីនាថ អគ្គលេខាធិការរងក្រុមប្រឹក្សា ជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាតំណាងឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមកិច្ចប្រជុំអន្តររដ្ឋាភិបាល លើកទី២៤ របស់គណៈកម្មាធិការសម្រសសម្រួលសមុទ្រអាស៊ីបូព៌ា(COBSEA) ជាមួយបណ្តារដ្ឋសមាជិកអាស៊ីបូព៌ា លេខាធិការ ដ្ឋានCOBSEA អង្គការបរិស្ថានសហប្រជាជាតិ(UN-Environment) ទីភ្នាក់ងារស៊ុយអែត(ស៊ីដា) អង្គការសស្បៀងអាហារពិភព លោក និងអ្នកជំនាញអន្តរជាតិសរុប៨០ នាក់ ដើម្បីពិភាក្សាឯកសារសំខាន់ៗ ដែលនឹងអនុម័ត និងវឌ្ឍនភាពការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩-២០២០។ ជាលទ្ធផល កិច្ចប្រជុំបានអនុម័ត (១)ផែនការសកម្មភាពតំបន់COBSEA ស្តីពីសំរាមសមុទ្រ (២)ក្របខណ្ឌការងាររបស់ក្រុមការងារCOBSEA ស្តីពីសំរាមសមុទ្រ (៣)គោលការណ៍ណែនាំCOBSEA ស្តីពីការបង្កើតនិងការ ប្រតិបត្តិមជ្ឈមណ្ឌលសកម្មភាពតំបន់ (៤)មជ្ឈមណ្ឌលកសាងសមត្ថភាពសម្រាប់ការសម្អាតសមុទ្រ និង(៥)ថវិកានិងផែនការការ ងារឆ្នាំ២០១៩-២០២០។ អង្គប្រជុំ ក៏បានកត់សម្គាល់វឌ្ឍនភាពការងារទាក់ទងនឹងចក្ខុវិស័យCOBSEA ក្នុងក្របខណ្ឌគោលដៅ អភិវឌ្ឍន៍ដោយចីរភាពសម្រាប់មហាសមុទ្រ និងការអនុវត្តកម្មវិធីក្នុងបរិបទផែនការសកម្មភាពសមុទ្រអាស៊ីបូព៌ា។
ឯកឧត្តម មុនីនាថ បានថ្លែងបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមចំណែកអនុវត្តកិច្ចព្រមព្រៀងបរិស្ថានអន្តរជាតិ ដើម្បីដោះស្រាយប្រកបដោយនវានុវត្តន៍សម្រាប់ការប្រើប្រាស់ធនធាន និងគ្រប់គ្រងសមុទ្រប្រកបដោយនិរន្តរភាព តាមរយៈគោល នយោបាយចតុកោណ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម លិខិតបទដ្ឋានគតិយុត្ត ផែនការយុទ្ធសាស្រ្តការប្រែប្រួលអាកាស ធាតុ និងការបង្កើតក្រមបរិស្ថាន ដែលជាលទ្ធផលសំខាន់ៗ បានបង្កើនចំនួនតំបន់ការពារធម្មជាតិនិងរបៀងជីវៈចម្រុះ បង្កើត ឧទ្យានជាតិសមុទ្រ អនុវត្តកម្មវិធីសមាហរណកម្មគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ បង្កើតប្លង់គោលទីក្រុង ការធ្វើប្រតិភូកម្មនិងថវិកាពី ថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ ដើម្បីទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់រឹង-រាវ។
ក្នុងឱកាសនៃកិច្ចប្រជុំនោះ ប្រតិភូក្រសួង ក៏បានជួបប្រជុំទ្វេភាគីជាមួយក្រុមការងារ UN Environment និងCOBSEA ដើម្បី ពិនិត្យការងារអាទិភាពក្នុងការគ្រប់គ្រង ការអភិរក្សធនធាន ការបំពុលសមុទ្រ និងការបង់វិភាគទាន។