ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបក្រុមការងារស្រាវជ្រាវនៃអង្គភាពគ្រប់គ្រងគម្រោងដើម្បីគាំទ្រការវិនិយោគវិស័យកសិកម្ម ក្នុងក្របខ័ណ្ឌ ASPIRE


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ០៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបក្រុមការងារស្រាវជ្រាវនៃអង្គភាពគ្រប់គ្រងគម្រោងដើម្បីគាំទ្រការវិនិយោគវិស័យកសិកម្ម ក្នុងក្របខ័ណ្ឌ ASPIRE នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលដឹកនាំដោយឯកឧត្តម រស់ សីលវ៉ា។ ជំនួបប្រឹក្សាយោបល់នាពេលនេះមានបំណងសិក្សាស្វែងយល់បន្ថែមអំពី “ការពិនិត្យឡើងវិញលើការវិនិយោគវិស័យកសិកម្មនៅកម្ពុជា” ធ្វើការវាយតម្លៃលើទំហំវិនិយោគដោយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងវិស័យឯកជន ម៉ូដែល គោលនយោបាយ និងយុទ្ធសាស្រ្តនៃការវិនិយោគ។

មានមតិស្វាគមន៍ ឯកឧត្ដមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះពេលវេលា និងសុច្ឆន្ទៈរបស់ក្រុម ប្រឹក្សាសេដ្ឋកិច្ចជាតិដែលមានបំណង់ចង់សិក្សា និងស្រាវជ្រាវបន្ថែមលើការវិនិយោគវិស័យកសិកម្មនៅកម្ពុជានាពេលនេះ។ តបតាមគោលបំណងរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច ឯកឧត្តមរដ្ឋ មន្ត្រីបានជម្រាបជូនក្រុមការងារយ៉ាងលម្អិតពីការវិវឌ្ឍន៍រីកចម្រើនពីដំណាក់កាលមួយ មកដំណាក់កាលមួយក្នុងវិស័យកសិកម្ម គោលនយោបាយ បរិយាកាស សក្តានុពល ឱកាស បញ្ហាប្រឈម និងយន្តការ ឬនីតិវិធីដោះស្រាយទាំងរយ:ពេលខ្លី និងរយ:ពេលវែងដែលវិស័យនេះបាននិងកំពុងជួបប្រទះ។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជ្រាបជូនភ្ញៀវផងដែរអំពីបច្ចុប្បន្នភាពនៃការវិនិយោគលើវិស័យកសិកម្មដែលក្រសួងកំពុងខំប្រឹងជំរុញគឺការកែច្នៃ និងនាំចេញ ដោយអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប ការអនុវត្តកសិកម្មតាមកិច្ចសន្យា ការធ្វើកសិពាណិជ្ជកម្មសំដៅដល់ការផលិតផលិតផលដែលមានគុណភាព អនាម័យ និងភូតគាមអនាម័យ ឆ្លើយតមតាមតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។ លោកក៏បានបន្ថែមទៀតថា ដើម្បីឲ្យគោលនយោបាយនេះទទួលបាននូវលទ្ធផលកាន់តែជោគជ័យ និងប្រកបដោយនិរន្តរភាព គឺទាមទារឲ្យមានការគាំទ្រ និងកិច្ចសហការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ជាមួយវិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍កសិកម្ម និងជាពិសេសស្ថាប័នពាក់ព័ន្ធទៅតាមតួនាទី និងភារកិច្ចដែលទាំងអស់នេះជាធាតុចូលដ៏សំខាន់ក្នុងការគាំទ្រដល់ការវិនិយោគលើវិស័យកសិកម្មឲ្យមានការអភិវឌ្ឍរីកចម្រើនទាំងពេលបច្ចុប្បន្ន និងអនាគត។

ទទួលបានអនុសសន៍ពីឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម រស់ សីលវ៉ា និងក្រុមការងារបានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះធាតុចូលសំខាន់ៗដែលឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ជូននាពេលនេះ ហើយក្រុមការងារថានឹងយកលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះទៅរៀបចំចងក្រជាឯកសារសម្រាប់ជាធាតុចូលទុកជាត្រីវិស័យសម្រាប់រៀបចំក្របខ័ណ្ឌម៉ូដែលនៃការវិនិយោគមួយមានយន្តការអនុវត្តច្បាស់លាស់ សមស្រប ប្រទាក់ក្រឡា និងប្រសិទ្ធភាពក្នុងរយៈពេលមធ្យម និងវែងដើម្បីអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែមានភាពរីកចម្រើន។