ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ របាយការណ៍ជាតិលើកទី៦ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ ” នៅរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ដោយមានតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូត អង្គការដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានអប់រំ និងវិទ្យាស្ថានសិក្សាស្រាវជ្រាវ វិស័យឯកជន ចូលរួមជាច្រើននាក់។
ប្រភពពីក្រសួងបរិស្ថានឱ្យដឹងបន្តថា នៅក្នុងពិធីនោះ ឯកឧត្ដម សៅ សុភាព បាន លើកឡើងពីវឌ្ឍនភាពសំខាន់ៗនៃការអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យបរិស្ថាន ក៏ដូចជាការអនុវត្តកាតព្វកិច្ចនានា ក្នុងនាមជាសមាជិកនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ ដែលក្នុងនោះផ្ទៃដីតំបន់ការពារសរុបបានកើនរហូតដល់៤១ភាគរយ នៃផ្ទៃប្រទេស ហើយដែលចំនួននេះលើសពីគោលដៅជីវៈចម្រុះសកលជិត៣ដង ។ ក្រសួងបរិស្ថានក៏បានជំរុញឱ្យមានការធ្វើផែនការប្រើប្រាស់ដីធ្លី ប្រកបដោយនិរន្តរភាព ហើយដែលគិតត្រឹមឆ្នាំ២០១៨កន្លងទៅនេះ ក្រសួងបានបង្កើតតំបន់សហគមន៍ធម្មជាតិបានចំនួន ១៥៣សហគមន៍ គ្របដណ្ដប់លើផ្ទៃដីជាង២៥ម៉ឺនហិកតា និងបានបញ្ចូលមន្រី្តឧទ្យានុរក្សជាង ១.២០០នាក់ ឱ្យក្លាយជាមន្រ្តីក្របខ័ណ្ឌពេញសិទ្ធិ ព្រមទាំងបណ្តុះបណ្តាល ឱ្យពួកគាត់ឱ្យមានជំនាញជាមន្រ្តីអនុវត្តន៍ច្បាប់ពេញលេញផងដែរ។
ឯកឧត្ដមមានប្រសាសន៍បញ្ជាក់ថា លទ្ធផលដែលបានរៀបរាប់នៅក្នុងរបាយការណ៍ជាតិលើកទី៦នេះ យើងអាចវាយតម្លៃបានថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនូវគោលដៅជីវៈចម្រុះស្ទើរតែទាំងស្រុង ដែលនេះគឺជាសមិទ្ធផលមួយដ៏ធំធេង ក៏ដូចជាការស្តែងចេញនូវឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្ដេជ្ញាចិត្តចូលរួមចំណែកក្នុងការអភិរក្សធន
ធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ជាសកលលោកសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព។
ឯកឧត្ដមជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តសន្ទុះនៃការខិតខំប្រឹងប្រែងអនុវត្តន៍កំណែទម្រង់ស៊ីជម្រៅ ក៏ដូចជាអនុវត្តន៍អនុសញ្ញាសហប្រជាជាតិ ស្តីពីជីវៈចម្រុះឱ្យកាន់តែមានប្រសិទ្ធភាព និងកៀរគរធនធានសម្រាប់អនុវត្តន៍យុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិ ស្តីពីជីវៈចម្រុះ (NBSAP) ឱ្យបានទទួលជោគជ័យ តាមរយៈការរៀបចំគោលនយោបាយស្តីពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ រក្សាលំនឹងបរិស្ថាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដើម្បីរស់នៅប្រកបដោយភាពសុខដុមរម្យនាជាមួយធម្មជាតិ ៕