ឯកឧត្តម ​ផៃ ស៊ី​ផា​ន បាន​ប្រតិកម្ម​ចំពោះ ការ​ចេញផ្សាយ​ព័ត៌មាន​របស់​អង្គ​សហប្រជាជាតិ


រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ឯកឧត្តម ​ផៃ ស៊ី​ផា​ន បាន​ប្រតិកម្ម​ចំពោះ ការ​ចេញផ្សាយ​ព័ត៌មាន​របស់​អង្គ​សហប្រជាជាតិ (UN) ថា រាជរដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​បាន​បំបិទ​សិទ្ធិ​សំឡេង​បក្ស​ប្រឆាំង​នោះ​ជា​ការ​មិន​ពិត ព្រោះ​បក្ស​ប្រឆាំង​មាន​សិទ្ធិ​គ្រប់ គ្រាន់ នា​ពេល​បច្ចុប្បន្ន​នេះ ។

ការ​ប្រតិកម្ម​នេះ បន្ទាប់​ពី​អង្គការសហប្រជាជាតិ​បាន​ចេញ​សេ​ក្ដី​ប្រកាស​ព័ត៌មាន​ដោយ​បាន​សម្ដែង​ក្តី​កង្វល់​ថា រាជរដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​បាន​បំបិទ​សំឡេង​គណបក្ស​ប្រ ឆាំង ។ យោង​តាម​គេហទំព័រ​ផ្សព្វផ្សាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២០ មិថុនា បាន​លើក​ឡើង​ថា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ី​ផា​ន បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​ទៅ​វិញ ដោយ​លោក​លើក​ឡើង​ថា នេះ គឺជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន មួយ​មិន​ត្រឹមត្រូវ​ទាល់តែ​សោះ ខណៈ​បច្ចុប្បន្ន​គណបក្សប្រឆាំង មាន​សេរីភាព​គ្រប់គ្រាន់ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា ៖ «​ខ្ញុំ​ជឿ​ថា ជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ដែល​មិន​ចំ ។ ពេល​បច្ចុប្បន្ន​នេះ គណបក្សប្រឆាំង​គាត់​មាន​សេរីភាព​គ្រប់គ្រាន់​គ្រប់​ជ្រុងជ្រោយ​ថែម​ទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ទៀត តាម​អង្គភាព​មួយ​គេ​ថា ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នោះ ដែល​ខុស​ប្លែក​ពី​គណបក្ស​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​»​។ ពាក់ព័ន្ធ​ទៅ​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​រូប​នេះ​សង្កត់ធ្ងន់​ថា អង្គការសហប្រជាជាតិ​ត្រូវ​តែ​គោរព​ពី​អធិបតេយ្យភាព​របស់​តុលាការ​កម្ពុជា ។

ឯកឧត្តម​ថា គណបក្ស​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​ទៅ​ហើយ គឺ​គ្មាន​សិទ្ធិ​សេរីភាព​ណា​មក​ធ្វើ​សកម្មភាព​នយោបាយ​ទៀត​ឡើយ រហូត​ដល់​៥​ឆ្នាំ ទើប​ពួក​គេ​មាន​សិទ្ធិ ។ សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៩ មិថុនា ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​បាន​សម្តែង​កង្វល់​ចំពោះ​និន្នាការ​កើនឡើង​នៃ​ការ​កៀបសង្កត់​ដោយ​រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​មតិយោបល់​ផ្ទុយ​ពី​ខ្លួន​ដែល​ហាក់ដូចជា​មាន​បំណង​បំភិតបំភ័យ ឬ​បំបិទ​សំឡេង​អ្នកប្រឆាំង​នយោបាយ​៕