សិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍គ្រប់គ្រងបេតិកភណ្ឌរវាងយុវជន៤ប្រទេសបានបិទបញ្ចប់ដោយជោគជ័យ


សិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍រវាងយុវជនមកពីកម្ពុជា ថៃ វៀតណាម ឡាវ ក្រោមប្រធានបទ«យុវជននិងការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌» បានបិទបញ្ចប់ដោយជោគជ័យនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

កម្មវិធីនេះបានធ្វើឡើងក្នុងគោលបំណងជំរុញស្មារតីស្រលាញ់ ចូលរួមថែរក្សា បង្កើនការយល់ដឹងអំពីកិច្ចការគ្រប់គ្រងសម្បត្តិបេតិភណ្ឌវប្បធម៌ ដែលរៀបចំដោយគណៈកម្មាធិការយូណេស្កូជាតិកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា។

លោក Thongchai Sako បុរាណវិទូ មកពីរមណីយដ្ឋានសុខោទ័យប្រទេសថៃឡង់ និងលោក Nguyen Van Tho មន្រ្តីអភិរក្សរមណីយដ្ឋានមីសឺង នៃប្រទេសវៀតណាមបានថ្លៃងអំណរគុណដល់អាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការយូណេស្កូជាតិកម្ពុជាដែលបានរៀបចំកម្មវិធីនេះឡើងដើម្បីចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក។ សិក្ខាសាលានេះ បានផ្តល់នូវចំណេះដឹង និងបទពិសោធន៍លើការគ្រប់គ្រងបេតិកភណ្ឌរវាងកម្ពុជា ថៃ ឡាវ និងវៀតណាម បើទោះបីក្នុងលក្ខខណ្ឌច្បាប់ផ្សេងគ្នា ប៉ុន្តែមានសារៈសំខាន់ ក្នុងគោលដៅថែរក្សាបេតិកភណ្ឌដូចគ្នា។

តំណាងឲ្យយុវជនកម្ពុជា លោក ទុយ រ៉ានី មន្រ្តីបច្ចេកទេសមកពីអាជ្ញាធរជាតិព្រះវិហារ បានថ្លែងអំណរគុណដល់លោកសាស្រ្តាចារ្យ អ្នកជំនាញជាតិ អន្តរជាតិដែលបានផ្តល់បទពិសោធន៍ការងារល្អ ទាំងទ្រឹស្តីនិងការអនុវត្តតាមការដ្ឋាន ទោះបីពេលវេលាខ្លីតែមានសារៈសំខាន់ ហើយក៏សង្ឃឹមថា គណៈកម្មាធិការយូណេស្កូជាតិកម្ពុជា អាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជាបន្តធ្វើកិច្ចសហការគ្នាបន្តទៀតលើវិស័យបេតិកភណ្ឌនេះ។

មានប្រសាសន៍បិទសិក្ខាសាលា ឯកឧត្តម ហង់ ពៅ ថ្លែងអំណរគុណដល់សាស្រ្តាចារ្យជំនាញៗលើពិភពលោក ដែលបានចំណាយពេលដ៏មានតម្លៃមកបង្រៀនដល់សិក្ខាកាមទាំងអស់។ កម្មវិធីនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយណាស់ រៀនទ្រឹស្តីផង និងអនុវត្តផង និងអាចចេះសរសេរឯកសារបញ្ចូលជាបេតិកភណ្ឌពិភពលោកថែមទៀត។ ឯកឧត្តមបន្តថា គ្មានអ្វីរឹងមាំជាងការបណ្តុះបណ្តាលធនធានមនុស្ស និងជំរុញ ដើម្បីតម្រង់ទិសឱ្យយុវជនក្លាយជាអ្នកជំនាញអភិរក្សបេតិកភណ្ឌនិងចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឡើយ។

ឯកឧត្តមក៏បានថ្លៃអំណរគុណដល់គណៈកម្មាធិការយូណេស្កូជាតិកម្ពុជា នឹងសង្ឃឹមថានឹងមានវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ទៀត ហើយទំហំនៃការបណ្តុះបណ្តាលកាន់តែស៊ីជម្រៅដើម្បីធានាថា អ្នកជំនាញវ័យក្មេងយល់ច្បាស់លាស់ ហើយអាចធ្វើឯកសារនៅក្នុងវិស័យបេតិកភណ្ឌដើម្បីចុះបញ្ជីទៅថ្ងៃក្រោយបាន៕