ប្រធានអង្គការសិល្បៈសហសម័យជប៉ុនមានគម្រោងបង្កើត ពិព័រណ៍សិល្បៈសហសម័យទាក់ទងនឹងអរិយធម៌ខ្មែរ ដាក់តាំងនៅតាមរមណីយដ្ឋានអង្គរ


ប្រធានអង្គការសិល្បៈសហសម័យជប៉ុន លោក Atsushi Yazaki បានមានគម្រោងនឹងបង្កើតពិព័រណ៍សិល្បៈសហសម័យទាក់ទងទៅនឹងអរិយធម៌ខ្មែរ ដើម្បីដាក់តាំងនៅតាមតំបន់ នានានៃរមណីយដ្ឋានអង្គរ ដែលគម្រោងនេះត្រូវបានឱ្យដឹងក្នុងឱកាសដែលលោកត្រូវបានអនុញ្ញាតឱ្យចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នៅស្នាក់ការអាជ្ញាធរជាតិអប្សរា នាក្រុងសៀមរាប។

នៅក្នុងជំនួបនោះ លោក Atsushi Yazaki បានលើកឡើងនូវគោលបំណងនៃការបង្កើតគម្រោងពិព័រណ៍សិល្បៈសហសម័យ ទាក់ទងទៅនឹងអរិយធម៌ខ្មែរ ដើម្បីផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរដ៏ផូរផង់ ឱ្យបានទូលំទូលាយទៅកាន់ពិភពលោកថែមទៀត។ ជាពិសេសតំបន់អង្គរដែលជាប្រភពដ៏រុងរឿងនៃអរិយធម៌ខ្មែរ តាមរយៈការបង្កើតវត្ថុសិល្បៈសហសម័យដាក់តាំងនៅតាមរមណីយដ្ឋានអង្គរ តាមរដូវកាល ដែលមិនមែនជាលក្ខណៈពិព័រណ៍អចិន្រ្តៃយ៍។

មានប្រសាសន៍ឆ្លើយតបនឹងបំណងខាងលើ ឯកឧត្តម ហង់ ពៅ បានសម្តែងការគាំទ្រចំពោះគំនិតដ៏ល្អប្រសើរ ព្រោះគម្រោងនេះជាការបង្កើតគំនិតថ្មីដោយមានការច្របាច់បញ្ចូលគ្នារវាងវប្បធម៌ និងសិល្បៈ។ តែទោះជាយ៉ាងណា ឯកឧត្តម ហង់ ពៅ បានស្នើដល់ភាគីជប៉ុនឱ្យសិក្សាលម្អិតលើគម្រោងនេះបន្ថែមទៀត ជាពិសេសពាក់ព័ន្ធនឹងការជ្រើសរើសទីតាំង ចៀសវាងសំដៅតែប្រាសាទអង្គរវត្ត គួរតែពិនិត្យលើទីតាំងផ្សេងៗទៀត។ ឯកឧត្តមអគ្គនាយក ក៏នឹងអញ្ជើញភាគីជប៉ុនឱ្យមកធ្វើបទបង្ហាញអំពីគម្រោងនេះនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ អន្ដរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ នៅក្នុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ៕