ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឱ្យពលរដ្ឋមានរថយន្ត ត្រូវយកទៅធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដើម្បីការពារសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ដែលមានរថយន្ត ហើយមិនទាន់បានយកទៅធ្វើការត្រួតពិនិត្យត្រឹមត្រូវ (ឆៀក) សូមយកទៅធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួនឯងផង និងអ្នកដទៃដែលធ្វើដំណើរតាមដងផ្លូវផង មុននឹងក្រសួងសាធារណការ ចុះអនុវត្តវិធានការតាមច្បាប់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះ នាល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយជាសាធារណៈ របស់គម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យបច្ចេកទេសយានយន្ត នៅផ្សារទំនើបអ៊ីអនមល សែនសុខ។

ពិធីនេះក៏មានការចូលរួមពីលោក អូតា ម៉ាសាយ៉ា ប្រធានទីប្រឹក្សាគម្រោង JICA / MVRI, លោក ស៊ូហ្គាណុ យូអ៊ិឈិ ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជា, លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក រួមទាំងមានអ្នកចូលរួមជាច្រើនរូបទៀតផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា នៅមានរថយន្តរបស់បងប្អូន ប្រជាពលរដ្ឋជាច្រើនគ្រឿងទៀត ដែលមិនទាន់បានយកមកធ្វើការត្រួតពិនិត្យ ឱ្យបានត្រឹមត្រូវនោះទេ ដូចនេះហើយមុននឹងក្រសួងចុះអនុវត្តច្បាប់នោះ សូមបងប្អូនយករថយន្តមកធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ (ឆៀក) ព្រោះនេះជាការការពារសុវត្ថិភាពរបស់ខ្លួនឯង។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា នៅពេលដែលបងប្អូនលក់រថយន្ត ត្រូវមកធ្វើការកាត់ឈ្មោះឱ្យបានត្រឹមត្រូវ ព្រោះបើយើងមិនបានកាត់ឈ្មោះទេ ទោះជាលក់ប៉ុន្មានតំណរក៏ដោយ ក៏នៅតែជាប់ឈ្មោះម្ចាស់ដើមដដែល ហើយបើនៅពេលរថយន្តនោះមានបញ្ហា គេនឹងតាមរកម្ចាស់ដើមហើយ ដូចនេះដើម្បីកុំឱ្យមានបញ្ហា ពេលលក់រថយន្តត្រូវតែធ្វើការកាត់ឈ្មោះឱ្យបានត្រឹមត្រូវ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការបានថ្លែងបន្តថា ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ មានភាពងាយស្រួល ក្នុងការយករថយន្តទៅធ្វើការត្រួតពិនិត្យ ដោយមិនចាំបាច់រង់ចាំនោះ នៅពេលនេះ គឺមានការចុះឈ្មោះដើម្បីឆៀករថយន្តតាមប្រព័ន្ធអនឡាញ ដោយបានធ្វើការកំណត់ជាក់លាក់មួយ ក្នុងការត្រួតពិនិត្យ ជៀងវាងការចំណាយពេលតម្រង់ជួររង់ចាំនាំឱ្យខាតពេលវេលា។ ក្រសួងសាធារណការ ក៏បានពិភាក្សាជាមួយក្រុមហ៊ុនត្រួតពិនិត្យ (ឆៀក) រថយន្ត ដើម្បីឱ្យមានការត្រួតពិនិត្យនៅតាមបណ្តាខេត្តតែម្តង ដើម្បីជាការផ្តល់សេវាសាធារណ ឱ្យដល់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា ក្រសួងសាធារណការ ក៏បានកំពុងតែរៀបចំការតភ្ជាប់ប្រព័ន្ធអនឡាញរបស់ក្រសួង ទៅជាមួយប្រព័ន្ធអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីបង្កើតឱ្យមានភាពងាយស្រួលក្នុងការប្តូរកម្មសិទ្ធ ពេលលក់យានយន្ត គឺមិនចាំបាច់ទៅច្រើនកន្លែង ដើម្បីផ្លាស់ប្តូរកម្មសិទ្ធយានយន្តនោះទេ គឺទៅតែមួយកន្លែង ហើយបំពេញសំណុំបែបបទ ដើម្បីកាត់ឈ្មោះតែម្តង៕