រដ្ឋមន្ត្រីក្រសួងបរិស្ថានបើកកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពនៃប្រព័ន្ធការវាយតម្លៃហេតុប៉ះពាល់បរិស្ថានលើគម្រោងអភិវឌ្ឍន៍


នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ ឯកឧត្ដម​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ស្តីពី​បច្ចុប្បន្ន​ភាព​នៃ​ប្រព័ន្ធ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​លើ​គម្រោង​អភិវឌ្ឍន៍​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​បរិស្ថាន​ តំណាង​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ សភា​ពាណិជ្ជកម្ម​ និង​ក្រុមហ៊ុន​ទីប្រឹក្សា​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​​។ គោល​បំណង​សំខាន់​នៃ​កិច្ច​ប្រជុំ​គឺ​ ដើម្បី​​​ត្រួតពិនិត្យ​ការ​ងារ​​សម្របសម្រួលរបស់អង្គភាពជំនាញ​ សមត្ថភាពជំនាញបស់​ក្រុម​ហ៊ុន​ទីប្រឹក្សា​ បែប​បទ​នីតិវិធី​នៃ​ការពិនិត្យ​ផ្តល់​យោបល់​លើ​របាយការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​​ និង​ដំណើរការ​ការងារ​អធិការកិច្ច​របស់​ក្រសួង​បរិស្ថាន​​ សំដៅលើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ និង​គុណភាព​របាយការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​វិធានការណ៍​ជា​លក្ខណៈ​យុទ្ធសាស្ត្រ​ ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​ចំពោះ​មុខ​ និង​ការ​វិវឌ្ឍ​របស់​សង្គម​ជាតិ​។ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​ក្រសួង​បរិស្ថាន​កំណត់​នូវ​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​តំបន់​គម្រោងអភិវឌ្ឍន៍​នានា ទាំង​សាធារណៈ​ និង​ឯកជន​។ ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធទាំងអស់​ ជាពិសេស​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ និង​ក្រុមហ៊ុន​ទីប្រឹក្សា​ចូលរួម​សហការ​ជាមួយ​ក្រសួង​បរិស្ថាន​ ក្នុង​ការ​ជំរុញ​ឱ្យការប្រមូល​មូល​និធិ​បរិស្ថាន​និង​សង្គម​ សម្រេច​បាន​ជោគជ័យ​ និង​មានដំណើរការ​ល្អ​ ប្រកប​ដោយ​ប្រសិទ្ធភាព​ តម្លាភាព​ និង​គណនេយ្យ​ភាព​ ដើម្បី​ស្តារ​បរិស្ថាន​ឡើងវិញ​ ទាំង​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​ ការ​អភិរក្ស​ជីវៈចម្រុះ​ និង​ការ​ការពារ​ធនធានធម្មជាតិ​ ​សំដៅ​ធានា​ឱ្យ​បាន​នូវ​តុល្យភាព​រវាង​ការ​អភិរក្ស​និង​ការ​អភិវឌ្ឍ​។​ ជារួម​ អង្គ​ប្រជុំ​បាន​សម្រេច​បង្កើត​បន្ថែម​នូវ​យន្ត​ការសម្របសម្រួល​ទាំង​ការ​ងារ​រដ្ឋបាល​ និង​បច្ចេកទេស​ ដើម្បី​ឱ្យ​ដំណើរការ​នៃ​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ប្រព្រឹត្តទៅ​ដោយ​រលូន​ ទាន់ពេល​វេលា​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ដោយ​បើក​ទូលាយ​ឱ្យ​មាន​ការ​ចូលរួម​ពី​សំណាក់​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។