ប្រកាសចូលកាន់តំណែងប្រធានមន្ទីរកិច្ចការនារីខេត្តបាត់ដំបង, លោកជំទាវ ភោគ សុភ័ក្រ ជំនួសលោកជំទាវ អោ អៀង ដែលបានចូលនិវត្តន៍


(បាត់ដំបង)៖ លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់តំណែងប្រធាន អនុប្រធានមន្ទីរកិច្ចការនារីខេត្តបាត់ដំបងថ្មី ដោយលោកជំទាវ ភោគ សុភ័ក្រ ត្រូវបានតែងតាំងជាប្រធានមន្ទីរកិច្ចការនារីខេត្តបាត់ដំបងថ្មី ជំនួសលោកជំទាវ អោ អៀង ដែលបានចូលនិវត្តន៍។

ពិធីប្រកាសចូលកាន់តំណែងថ្មីនេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ កងកម្លាំង មន្ទីរ អង្គភាពនានាជុំវិញខេត្ត មន្រ្តីមន្ទីរកិច្ចការនារី ជាច្រើនរូបផងដែរ។

ឯកឧត្តម ងួន រតន: បានសម្តែងការអបអរសាទរ និងគាំទ្រចំពោះលោកជំទាវប្រធានមន្ទីរកិច្ចការនារី ដែលតែងតាំងថ្មី ដែលមានប្រធាន១រូប និងអនុប្រធាន២រូបនាពេលនេះ និងថ្លែងអំណរគុណដល់លោកជំទាវប្រធានមន្ទីរចាស់ ត្រូវចូលនិវត្តន៍ផងដែរ ដែលបានខិតខំធ្វើការងារជំនាញរបស់ខ្លួនបានល្អរហូតមក ដែលទាក់ទងនឹងការងារស្រ្តី ដោយបានដើរតួនាទីបំរើការងារជាច្រើននៅថ្នាក់ក្រោមជាតិ ពិសេសបានសហការល្អជាមួយរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធនានាកន្លងមក។

លោកជំទាវ ឃឹម ចំរើន ក៏បានថ្លែងអំណរគុណ និងអបអរសាទរដល់លោកជំទាវទាំង៣រូប ដែលទើបតែងតាំងថ្មី និងជំរុញឱ្យខិតខំបំរើការងារបន្តវេនទៅថ្ងៃក្រោយទៀត ព្រមទាំងផ្តាំផ្ញើដល់មន្រ្តីកិច្ចការនារី ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ទើបយើងធ្វើការបានទទួលលទ្ធផលប្រសើឡើងបាន។ ជំនាញកិច្ចការនារីតែងបានសហការជាមួយស្ថាប័នពាក់ព័ន្ធ នូវការងារយេនឌ័រជាច្រើន ក៏ដូចជាបានចូលរួមទប់ស្កាត់នូវអំពើហឹង្សាក្នុងគ្រួសារ ស្រ្តីជួញដូរគ្រឿងញៀន រំលោភសេពសន្ទវ: និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

លោកជំទាវ ឃឹម ចំរើន បានបន្តថា ការប្រកាសចូលកាន់តំណែងនាពេលនេះមាន ទី១៖ លោកជំទាវ ភោគ សុភ័ក្រ ជាប្រធាន ទី២៖ លោកជំទាវ ឈុន ធារិន ជាអនុប្រធាន និង ទី៣៖ លោកជំទាវ គា ថាវី ជាអនុប្រធាន និងបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីមន្ទីរកិច្ចការនារីទាំងអស់ រួមគ្នាបំរើការងារឲ្យកាន់តែល្អប្រសើ ដើម្បីលើកស្ទួយនិងអភិវឌ្ឍន៍ស្រ្តីដោយចូលរួម អភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចំរើនផងដែរ៕