សន្និសិទថ្នាក់រដ្ឋមន្ត្រីលើកទី៣ ស្តីពី ការដឹកជញ្ជូន នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី


នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូនបានអញ្ជើញចូលរួមសន្និសិទថ្នាក់រដ្ឋមន្ត្រីលើកទី៣ ស្តីពី ការដឹកជញ្ជូន ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ សន្និសីទនេះ មានការអញ្ជើញចូលរួមពី រដ្ឋជាសមាជិកចំនួន៤២ប្រទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនបួន និងអង្គការអន្តរជាតិចំនួន១៤។
ថ្លែងទៅកាន់អង្គសន្និសិទនាឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពី ទស្សនទានទូលំទូលាយមួយ ស្តីអំពី សមិទ្ធផលសម្រេចបានលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អាកាសយានដ្ឋាន កំពង់ផែសមុទ្រនិងផ្លូវកំពង់ទឹកសាប ការស្តារផ្លូវដែក តំបន់សេដ្ឋកិច្ចពិសេស ផែស្ងួត និងកិច្ចសម្របសម្រួលឆ្លងកាត់ព្រំដែន ជាមួយបណ្តាប្រទេសជិតខាងរបស់កម្ពុជា។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ អំពីបញ្ហាប្រឈមនៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលកម្ពុជាកំពុងប្រឈម និងបានស្វែងរកការគាំទ្រនិងកិច្ចសហប្រតិបត្តិការ ពីរដ្ឋជាសមាជិកទាំងនោះ ដើម្បីជួយកាត់បន្ថយអត្រានៃការស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ដែលកម្ពុជាកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ។