រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌៖ ការផ្លាស់ប្ដូរប្រធានតុលាការតាមបណ្តាខេត្ត គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារឲ្យកាន់តែប្រសើរឡើង


(កំពង់ចាម)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្សវឌ្ឍនា បានលើកឡើងថា ការផ្ទេរប្រធានសាលាដំបូងខេត្តកំពង់ចាម ក៏ដូចជាតាមបណ្ដាខេត្តផ្សេងៗទៀត ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ឲ្យកាន់តែប្រសើរឡើង។

 ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងដូច្នេះ នៅរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ នាសាលាខេត្តកំពង់ចាម ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកំពង់ចាម គឺ ឯកឧត្តម សួស ឡា មកពីប្រធានសាលាដំបូងខេត្ដរតនគីរី មកកាន់ខេត្តកំពង់ចាម ចំណែក ឯកឧត្តម នៅ យ៉ារត្ន័ ត្រូវផ្ទេរទៅកាន់មុខតំណែងប្រធានសាលាដំបូងខេត្តរតនគិរីវិញ។

 ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ចៅក្រម គឺជាអ្នកការពារសិទ្ធិសេរីភាព អាយុជីវិត រូបរាងកាយផលប្រយោជន៍ស្របច្បាប់ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងសង្គមជាតិទាំងមូល តាមរយៈការការពារ ការអនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងៗទៀត ក្នុងការធ្វើការតស៊ូប្រយុទ្ធ ប្រឆាំងនឹងអំពើល្មើស និងបុគ្គលល្មើសច្បាប់ ទៅតាមនីតិវិធីនិងច្បាប់ជាធរមាន។

 ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ដូច្នេះចៅក្រមត្រូវតែជាមនុស្សដែលមានសមត្ថភាព ជំនាញវិជ្ជាជីវៈច្បាប់ខ្ពង់ខ្ពស់ មានចំណេះចេះដឹងជ្រៅជ្រះខាងច្បាប់ ខាងសង្គមសាស្ត្រ ខាងមនុស្សសាស្រ្ត ខាងចិត្តសាស្ត្រ ហើយនៅក្នុងដំណើរចាត់ការរឿងក្តី នឹងចេញសេចក្តីសម្រេចត្រូវវិនិច្ឆ័យសេចក្តី ប្រកបដោយគតិយុត្តធ្វើឲ្យបានត្រឹមត្រូវ តាមច្បាប់ជាធរមាន ប្រកបដោយភាពយុត្តិធម៌ និងសមធម៌៕