ព្រឹកនេះ ប្រកាសចូលកាន់តំណែងទេសរដ្ឋមន្ដ្រី គន់ គីម ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនួសលោក ញឹម វណ្ណដា


(ភ្នំពេញ)៖ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានប្រកាសឲ្យចូលកាន់តំណែង ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ដ្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានចេញសេចក្តីសម្រេចមួយ តែងតាំងឯកឧត្តម គន់ គីម ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនួសឯកឧត្តម ញឹម វណ្ណដា ដែលត្រូវបានដកចេញពីតំណែង។

តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានតែងតាំងជា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្ថែមលើតួនាទីនានា នាពេលបច្ចុប្បន្ន។ សេចក្តីសម្រេចនេះក៏បានបញ្ចប់តំណែង ឯកឧត្តម ញឹម វណ្ណដា ពីអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។

មូលហេតុដែលដកតំណែង លោក ញឹម វណ្ណដា ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដោយសារតែខ្វះការទទួលខុសត្រូវ និងភូតភរ ក្រោយឧបទ្ទហេតុ រំលំបាក់អគារ៧ជាន់ ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសរាប់សិបនាក់។

គួរជម្រាបថា បច្ចុប្បន្នទេសរដ្ឋមន្ដ្រី គន់ គីម មានតួនាទីជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគម។ ក្នុងតួនាទីជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា គេងសង្កេតឃើញថា ឯកឧត្តម គន់ គីម បានបំពេញការងារយ៉ាងសស្រាក់សស្រាំដើម្បីចុះទៅដល់មូលដ្ឋាន ក្នុងគោលបំណងស្វែងយល់ពីជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនទៀតផងដែរ៕