ក្រសួងការងារជំរុញឱ្យមន្ត្រីចុះបណ្តុះបណ្តាលដល់និយោជក-កម្មករពីហានិភ័យបង្កដោយ​សារធាតុអាសបេស្តុស


ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឲ្យមន្ត្រីជំនាញចុះធ្វើការបណ្តុះបណ្តាល និង​ផ្សព្វផ្សាយដល់និយោជក កម្មករនិយោជិត និងមហាជនទូទៅឱ្យបានយល់ដឹងពីហានិភ័យនានា​បង្កឡើង​ដោយសារធាតុអាសបេស្តុស។

ថ្លែងក្នុងពិធីផ្សព្វផ្សាយកម្រងព័ត៌មានជាតិស្តីពី សារធាតុអាសបេស្តុសនៅកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា នៅភោជនីយដ្ឋានទន្លេបាសាក់ទី២ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា អាសបេស្តុសនេះនឹងបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងច្រើនដល់សុខភាពមនុស្ស ។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរៀបចំចេញជាសៀវភៅ និងកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុសនៅកម្ពុជា សម្រាប់ប្រមូលផ្តល់ទិន្នន័យ  ព័ត៌មាន និង របាយការណ៍នានា ហើយនឹងត្រូវធ្វើបច្ចុប្បន្នភាពញឹកញាប់ ដើម្បីជូនព័ត៌មានពីការអភិវឌ្ឍគោលនយោបាយ ការកំណត់បញ្ហាប្រឈមនៅកន្លែងធ្វើការ ជួយក្នុងការរៀបចំផែនការ  និងកំណត់សកម្មភាពអាទិភាពសំដៅកាត់បន្ថយការប៉ះពាល់នៃសរសៃអាសបេស្តុស។

លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាស៍ថា មន្ត្រីក្រសួងការងារនឹងចុះធ្វើការបណ្ដុះបណ្ដាលទៅនិយោជក កម្មករនិយោជិត និងមហាជនទូនៅខែកក្ដដាឆ្នាំ២០១៩ខាងមុខនេះ បន្ទាប់ពីក្រុមការងាជំនាញកំពុងតែរៀបចំឯកសារ និងធ្វើការផ្សព្វផ្សាយ ដើម្បីការពារ និងទប់ស្កាត់ដែលប៉ះពាល់សុខភាពដោយសារធាតុអាសបេស្តុសនេះ។

លោកបន្ដថា អាសបេស្តុសនេះវាក៏បណ្តាលឱ្យមានផលប៉ះពាល់យ៉ាងច្រើនដល់សុខភាពមនុស្ស តាមរយៈការដកដង្ហើម ហើយភាគច្រើនបណ្តាលឱ្យកើតជំងឺ មានជាអាទិ៍មហារីកសួត មហារីកស្រោមសួត មហារីកស្បូន ដុំក្នុងសួត រលាកសួត ស្រោមសួតក្រាស ត្បៀតទងសួត ជំងឺប្រព័ន្ធផ្លូវដង្ហើម និងរហូតដល់កើតជំងឺមហារីកបំពង់អាហារ មហារីកក្រពះ និងមហារីកពោះវៀនទៀតផង។

ជាមួយគ្នានេះ លោកក៏បានស្នើដល់អង្គការដៃគូអភិវឌ្ឍនានា រួមមានទីភ្នាក់ងារសុវត្ថិភាព និងការលុបបំបាត់ សារធាតុអាសបេស្តុនៃប្រទេសអូស្រ្តាលី  អង្គការអាហ្វីដា អង្គការILO/Japan  និងអង្គការសុខភាពពិភពលោក(WHO) បន្តជួយគាំទ្រ ដើម្បីកម្ពុជាមានលទ្ធភាពរៀបចំឱ្យទៅជាផែនការសកម្មភាពនានា ឈានទៅការប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងទប់ស្កាត់នូវរាល់ហានិភ័យទាំងឡាយដែលបង្កឡើងដោយសារធាតុអាសបេស្តុសនេះ៕