សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យសមាជិក ស្នេហាជាតិ ស្រឡាញ់ប្រជាជន ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងកសាងបក្ស ឲ្យកាន់តែរឹងមាំ


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់គណៈកម្មាធិការ គណបក្សនៅគ្រប់ថ្នាក់ មន្ត្រី និងសមាជិក សមាជិកាគ្រប់រូប សូមលើក កម្ពស់ប្រពៃណី ស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមសកម្ម ក្នុងការកសាងគណបក្ស ឲ្យកាន់តែរឹងមាំលើគ្រប់វិស័យ សំដៅលើកកម្ពស់សមត្ថភាព ដឹកនាំរបស់គណបក្ស ឲ្យសម្រេចបាន សមិទ្ធផលធំៗថ្មីៗទៀត ។

ក្នុងពិធីប្រារព្ធខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជន នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា “ខ្ញុំសូមអំពាវនាវ ដល់គណៈកម្មាធិការ គណបក្សនៅគ្រប់ថ្នាក់ មន្ត្រី និងសមាជិក សមាជិកាគ្រប់រូប សូមលើកកម្ពស់ប្រពៃណី ស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមសកម្ម ក្នុងការកសាងគណបក្ស ឲ្យកាន់តែរឹងមាំលើគ្រប់វិស័យ សំដៅលើកកម្ពស់សមត្ថភាព ដឹកនាំរបស់គណបក្សឲ្យសម្រេចបាន សមិទ្ធផលធំៗថ្មីៗទៀត “។

ព្រមជាមួយនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏អំពាវនាវ ដល់បងប្អូនជនរួមជាតិទាំងមូល សូមរួមសាមគ្គីគ្នា ជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាល នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតនៃយើង ដើម្បីកសាង និងការពារមាតុភូមិកម្ពុជា ឲ្យឈានទៅមុខ ឆ្ពោះទៅរកអនាគតដ៏រុងរឿង ក្លាយជាអរិយប្រទេសមួយនៅក្នុងតំបន់ ជាសង្គមប្រកប ដោយភាពសុខដុមរមនា និងសេចក្តីស្រឡាញ់ ដោយគ្មានការកើតមាន ជាថ្មីនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃ ក្នុងជាតិដូចពេលមុនទៀត៕