សម្តេចតេជោ ៖ កម្ពុជាមានលទ្ធិ ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពពិតប្រាកដ គឺមិនស្ថិតលើការវាយតម្លៃ របស់ជនអគតិណាមួយទេ


ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដំណើរការ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពនៅកម្ពុជាគឺមានយ៉ាងពិតប្រាកដ ដោយមិនស្ថិតទៅលើការ វាយតម្លៃរបស់ជនអគតិ ឬបុគ្គលណាមួយនោះទេ។

នាយករដ្ឋមន្រ្តីបានថ្លែង ក្នុងពិធីប្រារព្ធខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជននៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ថា “ខ្ញុំសូមគូសបញ្ជាក់ថា ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពពិតប្រាកដ គឺស្ថិតនៅក្នុងដំណើររស់ឡើងវិញ របស់ប្រជាជាតិ ជោគជ័យនៃដំណើរការសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ព្រមទាំងការប្រតិបត្តិនូវរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា ពុំមែនស្ថិតលើពាក្យសំដីវាយតម្លៃ ដោយអគតិរបស់បុគ្គល ឬមជ្ឈដ្ឋានណានោះឡើយ ។ ប្រជាជនកម្ពុជាបានទទួល បានថែរក្សាពូនជ្រុំ លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាព របស់ខ្លួន រយៈពេល ៤០ឆ្នាំមកហើយ ដូច្នេះយើងដឹងហើយថា យើងត្រូវធ្វើដូចម្តេច ដើម្បីការពារ និងពង្រឹងប្រជាធិបតេយ្យ តទៅមុខទៀត “។

ទន្ទឹងនឹងនេះ សម្តេចថា គណបក្សប្រជាជនកម្ពុជា ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍និងសហគមន៍អន្ទរជាតិ ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការរស់ឡើងវិញ និងការរីកចម្រើនរបស់កម្ពុជា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ហើយកំពុងបន្តពង្រីកនូវ កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយកម្ពុជា ដើម្បីជួយជំរុញការអភិវឌ្ឍកម្ពុជាផង និងដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ វឌ្ឍនភាព និងវិបុលភាពជាសកលផង ។

នាយករដ្ឋមន្រ្តីបង្ហាញក្តីសង្ឃឹមថា ប្រទេសមួយចំនួនដែល នៅតែមានទស្សនៈខុសឆ្គងចំពោះដំណើរប្រព្រឹត្តទៅដ៏ល្អ និងត្រឹមត្រូវនៃប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ហើយបានប្រើប្រាស់ហេតុផលនយោបាយមកដាក់ជាលក្ខណ្ឌផ្សេងៗឲ្យធ្វើតាម ដែលមិនស្របទៅនឹងស្ថានភាពពិតនៅកម្ពុជា ក៏ដូចបំណងប្រាថ្នារបស់ប្រជាជននោះ នឹងទទួលយកការពិតគោរពដល់អធិបតេយ្យ និងសិទ្ធិស្វ័យ សម្រេចរបស់កម្ពុជា ហើយរួមវិភាគទានពិតប្រាកដទៅក្នុងដំណើរការពង្រឹងសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា ។

ប្រធានគណបក្សប្រជាជនក៏បានអំពាវនាវដល់គណៈក ម្មាធិការគណបក្សនៅគ្រប់ថ្នាក់ មន្ត្រី និងសមាជិក សមាជិកាគ្រប់រូប លើកកម្ពស់ប្រពៃណី ស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមសកម្ម ក្នុងការកសាងគណបក្សឲ្យកាន់តែរឹងមាំលើគ្រប់វិស័យ សំដៅលើកកម្ពស់សមត្ថភាពដឹកនាំ របស់គណបក្សឲ្យសម្រេច បានសមិទ្ធផលធំៗថ្មីៗទៀត ។

ព្រមជាមួយនេះ សម្តេចក៏អំពាវនាវជនរួមជាតិទាំងមូល រួមសាមគ្គីគ្នាជាឆ្លងមួយជុំវិញរាជរដ្ឋាភិបាល នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងអង្គព្រះមហាក្សត្រដើម្បីកសាង និងការពារមាតុភូមិកម្ពុជាឲ្យឈានទៅមុខ ឆ្ពោះទៅរកអនាគតដ៏រុងរឿង ក្លាយជាអរិយប្រទេសមួយនៅក្នុងតំបន់ ជាសង្គមប្រកបដោយភាពសុខដុមរមនា និងសេចក្តីស្រឡាញ់ ដោយគ្មានការកើតមានជាថ្មីនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀត ៕