លោកម៉ននី បណ្ឌិត ចុះជួបពិភាក្សាការងារ និងត្រួតពិនិត្យដំណើរការនៃការសាងសង់ផ្លូវក្រាលខ្សាច់ភ្នំមួយខ្សែ


លោកម៉ននី បណ្ឌិត អភិបាលស្រុក និង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោងស្រុក នៅព្រឹកថ្ងៃទី ០៩ ខែធ្នូ ២០១៦​ បានចុះជួបពិភាក្សាការងារជាមួយ អ្នកពាក់ព័ន្ធអំពីការងារត្រួតពិនិត្យដំណើរការនៃការសាងសង់ផ្លូវក្រាលខ្សាច់ភ្នំមួយខ្សែ ចាប់ផ្តើមពីមុខវត្តខ្នារ ភូមិខ្នារ ទៅដល់ ប្រាសាទព្រៃដើមស្រុក ភូមិបឹងជ័រ ឃុំព្រៃទឹង ដែលមានប្រវែង ១,១០០ម៉! សមាសភាពចូលរួមមាន លោកអភិបាលរងស្រុក មន្ត្រីសម្របសម្រួលបច្ចេកទេសខេត្ត សមាជិកគណៈកម្មាធិការលទ្ធកម្មស្រុក ទីប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ លោកមេភូមិ អនុភូមិ បងប្អូនប្រជាពលរដ្ឋ និង ម្ចាស់ក្រុមហ៊ុនអ្នកទទួលការ ។
ឆ្លៀតក្នុងឱកាសនោះដែរ​ លោក ម៉ននី​ បណ្ឌិតអភិបាលស្រុក បានធ្វើការពិនិត្យ វាយតម្លៃទៅលើដំណើរការនៃការសាងសង់របស់ក្រុមហ៊ុនអ្នកទទួលការ និងបានធ្វើការផ្តាំផ្ញើទៅដល់ម្ចាស់ក្រុមហ៊ុនឱ្យអនុវត្តការសាងសង់នេះឱ្យត្រឹមត្រូវស្របតាមកិច្ចសន្យា ដែលបានព្រមព្រៀងគ្នា ហើយគណៈកម្មាធិការគ្រប់គ្រងគម្រោងរបស់ស្រុក ត្រូវតែចុះពិនិត្យដំណើរការនៃការសាងសង់ផ្លូវនេះ ជាបន្តបន្ទាប់ ជាពិសេស ក្រុមប្រឹក្សាឃុំ មេភូមិ ដែលជាម្ចាស់ទឹកដីផ្ទាល់​ បានមើលឃើញព្រឹក-ល្ងាច សូមមេត្តាសហការ ជាមួយអ្នកទទួលការ ក្នុងន័យធ្វើយ៉ាងណា ធានាឱ្យលទ្ធផលគម្រោង ទទួលបានលទ្ឋផល​ ប្រកបដោយគុណភាព និង ប្រសិទ្ធភាព!
ជាមួយគ្នានេះដែរ លោក ពា ស៊ា មេឃុំព្រៃទឹង និងតំណាងអោយប្រជាជនក្នុងឃុំរបស់គាត់​ បានសំដែងនូវការអរគុណចំពោះថ្នាក់ដឹកនាំ រដ្ឋបាលស្រុក គណៈកម្មាធិការលទ្ធកម្មស្រុក ពិសេស​លោក​ ម៉ននី​ បណ្ឌិត​ អភិបាលស្រុក​សីុធរកណ្តាល​ ដែលតែងតែយកចិត្តទុកដាក់ ចំពោះឃុំរបស់លោក ក៏ដូចជាបានចិត្តទុកដាក់ចំពោះប្រាសាទព្រៃដើមស្រុក ដែលជាសម្បត្តិវប្បធម៌តែមួយគត់ក្នុងស្រុកស៊ីធរកណ្ដាល ដើម្បីសម្រួលឱ្យមានភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍បានធ្វើដំណើរទៅកាន់រម្មណីយដ្ឋាន ជាទីសក្ការៈ ស្ថិតនៅក្នុងឃុំព្រៃទឹងរបស់គាត់។