អ្នកវិភាគ៖ មេដឹកនាំខ្ញុំ និងប្រជាជនខ្ញុំរួមសុខរួមទុក្ខគ្រប់កាលៈទេសៈ


ប្រជាពលរដ្ឋខ្មែរពិតជានៅដក់ជាប់ក្នុងចិត្តជានិច្ចនូវសកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឯកសណ្ឋានជានាយឧត្តមសេនីយ៍ផុតលេខ នៃកងយោធពលខេមរភូមិន្ទ ក្នុងបេសកកម្មជួយសង្គ្រោះជីវិត ជនរងគ្រោះនៃការរលំបាក់អគារ ដែលកំពុងសាងសង់នៅក្នុងខេត្តព្រះសីហនុ អំឡុងថ្ងៃទី២៣ និង២៤ ខែ មិថុនា ឆ្នាំ២០១៩ បើទោះបីជាពេលនេះការសង្គ្រោះត្រូវបានបញ្ចប់។ តុល្យការចុងក្រោយគឺអ្នកស្លាប់មាន ចំនួន២៨នាក់ និងរបួសចំនួន ២៦នាក់ ហើយមានសប្បុរសជនជាច្រើនបានចូលរួមចែករំលែកនូវការលំបាក និងបានផ្តល់ថវិកាមួយចំនួនជូនដល់គ្រួសារជនរងគ្រោះ តាមរយៈការអំពាវនាវរបស់សម្តេចតេជោ។

ហេតុអ្វីបានជាសម្តេចតេជោស្លៀកពាក់ឯកសណ្ឋានកងទ័ពពេលចុះសង្គ្រោះជីវិតជនរងគ្រោះជាជនស៊ីវិលធម្មតា? សម្រាប់ពលរដ្ឋមួយចំនួនអាចមានការងឿងឆ្ងល់ ប៉ុន្តែសម្រាប់ចៅចាក់ស្មុកពិតជាមិនមានអ្វីការសង្ស័យឡើយ។ ឯកសណ្ឋានកងទ័ពដែលសម្តេចតេជោជ្រើសរើសស្លៀកនៅពេលនេះ គឺបង្ហាញទឹកចិត្តអង់អាចក្លាហាន របស់មេទ័ពរបស់ប្រមុខរាជរដ្ឋាភិបាលត្រូវតែយកជ័យជម្នះឱ្យបាននៅលើ សមរភូមិនៃការសង្គ្រោះជីវិតជនរួមជាតិដែលកំពុងតែស្ថិតនៅក្នុងគំនរបាក់បែកនៃអគារ ហើយក៏បង្ហាញថានឹងមានការសម្រេចចិត្តធំៗជាអាយុជីវិតជាតិ និងការវះកាត់លើបញ្ហានានាផងដែរ។

អ្វីដែលចៅចាក់ស្មុក បានគិតក្នុងចិត្តចាប់តាំងពីបានឃើញរូបភាពសម្តេចតេជោស្លៀកសម្លៀកបំពាក់ជានាយទាហាន នៃកងយោធពលខេមរភូមិន្ទធ្វើដំណើរចាកចេញពីភ្នំពេញទៅកាន់លើទីលានសង្គ្រោះរហូតដល់វិលត្រឡប់មកវិញគឺ ពិតជានឹងមានមូលហេតុពិតប្រាកដ ហើយជាឯកសណ្ឋានប្រយុទ្ធលើសមរភូមិ។ ប៉ុន្តែសមរភូមិនៅពេលនេះមិនមែនជាសមរភូមិជម្លោះប្រដាប់អាវុធឡើយ ប៉ុន្តែជាសមរភូមិសង្គ្រោះជីវិតជនរងគ្រោះចេញពីការបាក់រលំអាគារ ហើយដែលចៅចាក់ស្មុក យល់ឃើញថាបានបង្កប់នូវអត្ថន័យមួយចំនួន៖

១៖ ទីណាពលរដ្ឋមានទុក្ខ ទីនោះមានវត្តមានសម្តេចតេជោ ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលជានិច្ច ៖ ក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បាន ប្រកាសជាច្រើនលើកច្រើនសារួចមកហើយថាសម្តេចមិនអាចទុកប្រជាពលរដ្ឋចោលដោយគ្មានការទទួល ខុសត្រូវនោះទេ ពលរដ្ឋកាន់តែលំបាក សម្តេចកាន់តែចូលកៀក។ ទោះបីជាសម្តេចតេជោ ហ៊ុន សែន បាន ជាប់ភារកិច្ចចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសថៃយ៉ាងណាក៏ដោយ ក៏សម្តេចបានតាមដានយ៉ាងយកចិត្តទុកដាក់ និងជាប់ជាប្រចាំលើប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះនេះ។

សម្តេចតេជោ ថ្លែងថាសោកនាដកម្មនៃការបាក់រលំអគារនៅខេត្តព្រះសីហនុជាការឈឺចាប់របស់ជាតិយើង និងបានប្រកាសកៀរគរនិង បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីជួយសង្គ្រោះជីវិតមនុស្សចេញពីគំនរបែកបាក់ ឱ្យបានឆាប់រហ័សបំផុតតាមតែអាចធ្វើបាន។ ធ្វើមាតុភូមិនិវត្តន៍មិនទាន់បានប៉ុន្មានម៉ោងផង សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទាំងយប់អាធ្រាតទៅកាន់ខេត្តព្រះសីហនុ។

នេះបង្ហាញកាន់តែច្បាស់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំជាតិទៅលើអាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំប្រទេស ដែលតែងនៅកៀកជាប់ប្រជាជនគ្រប់ពេលវេលា មិនដែលរត់ចោលប្រជាជនម្តងណាឡើយ។ ជាមួយគ្នានេះ សម្តេចតេជោ និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលបានធ្វើសេចក្តីសម្រេចចិត្តមួយដ៏សំខាន់ក្នុង ការរៀបចំឡើងវិញនូវថ្នាក់ដឹកនាំនៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការផ្លាស់ប្តូរ ននិងផ្ទេរថ្នាក់ដឹកនាំខេត្តមួយចំនួន ក្រោយពីលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុទទួលស្គាល់កំហុសនិងបានសុំលាលែងពីតំណែងជាអភិបាលខេត្តព្រះសីហនុ បន្ទាប់ពីមានឧបទ្ទវហេតុនៃ ការដួលរលំបាក់អគារដែលកំពុងតែសាងសង់។

២៖ មេដឹកនាំខ្ញុំ និងប្រជាជនខ្ញុំ សាមគ្គីភាព និងរួមសុខរួមទុក្ខជាមួយគ្នា៖ វត្តមានសម្តេចតេជោ ហ៊ុន សែន រួមនឹងក្រុមការងារនៅឯកន្លែងឧបទ្ទវហេតុទាំង កណ្តាលយប់អធ្រាត បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះជីវិតជនរងគ្រោះនៅក្នុងគំនរបែកបាក់ និងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះ។ ក្រុមអ្នកសង្គ្រោះមកពីអង្គភាពនានារួមនឹង វិស័យឯកជនផងសរុបជិត ១៥០០នាក់បានរួមសហការកម្លាំងគ្នា បូជាកម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងបញ្ញាជួយសង្គ្រោះជនរងគ្រោះ។ វត្តមានរបស់សម្តេចតជោ ហ៊ុន សែន គឺដើម្បីចូលរួមដឹកនាំការសង្គ្រោះផង និងដើម្បីលើកទឹកចិត្តដល់ក្រុមអ្នកជួយសង្គ្រោះ ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់សមាជិករបស់ខ្លួនក្នុងឧបទ្ទវហេតុនេះ និងជនរងគ្រោះដែលនៅរស់រានមានជីវិត។ ប្រជាពលករដ្ឋខ្មែរ បានរួមសាមគ្គីជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅខេត្តព្រះសីហនុនេះដោយបានឧបត្ថម្ភម្ហូបអាហារ និងថវិកាផ្សេងៗ។ ការចូលរួមជួយសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តព្រះសីហនុ បង្ហាញកាន់តែច្បាស់ពីភាពរឹងមាំនៃសាមគ្គីភាព និងឯកភាពជាតិខ្មែរ។ ប្រជាពលរដ្ឋខ្មែរទាំងអស់បានបង្ហាញពីសមានចិត្តនិងចូលរួម ចែករំលែកទុក្ខចំពោះជនរងគ្រោះ ហើយសុខទុក្ខរបស់ពលរដ្ឋខ្មែរជាសុខទុក្ខរបស់ថ្នាក់ដឹកនាំជាតិយើង។

៣៖ កម្លាំងសង្គ្រោះប្រកបដោយវិជ្ជាជីវៈនិងការអត់ធ្មត់៖ ចាប់តាំងឧបទ្ទវហេតុកើតឡើង ក្រុមអ្នកជួយសង្គ្រោះមកពីស្ថាប័នពាក់ព័ន្ធនានាបានធ្វើសកម្មភាពចុះ ជួយសង្គ្រោះជនរងគ្រោះទាំងថ្ងៃទាំងយប់និងទាំងកណ្តាលថ្ងៃក្តៅ និងក្រោមដំណក់ទឹកភ្លៀង។ ពួកគាត់បានលះបង់អស់កម្លាំងកាយ កម្លាំងចិត្តក្នុង ការជួយសង្គ្រោះជីវិតមនុស្សពីគំនរបែកបាក់ ទោះបីជាហត់នឿយ និងមិនបានសម្រាកពេញលេញយ៉ាងណាក៏ដោយ។ ទាំងជនរងគ្រោះដែលនៅរស់រានមានជីវិត ទាំងក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិតបានលើកដៃម្រាមដប់សំពះអរគុណដល់កម្លាំងសងគ្រោះទាំងឡាយដែលបានជួយសង្គ្រោះពួកគាត់។
វីរភាពនៃក្រុមជួយសង្គ្រោះត្រូវបានចងចាំ និងវាយតម្លៃខ្ពស់បំផុត។ ពួកគេមានសមត្ថភាពពេញលេញនិង
បំពេញការងារប្រកបដោយវិជ្ជាជីវៈ។ កម្ពុជាសូមគោរពចំពោះវីរភាពរបស់ក្រុមអ្នកសង្គ្រោះទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តដើម្បីសង្គ្រោះជីវិតមនុស្ស។ ក្រុមសង្គ្រោះបានយកជីវិតខ្លួនទៅសង្គ្រោះជីវិតជនរួមជាតិខ្លួនដោយមិនស្តាយស្រណោះ។ ចងចាំជានិច្ចវីរភាពក្រុមជួយសង្គ្រោះកម្ពុជា!ដោយសារតែភាព ក្លាហាននិងវិជ្ជាជីវៈនេះហើយបានជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំបំពាក់មេដាយមាស ជូនដល់កងកម្លាំងសង្គ្រោះទាំងអស់ និងមានការឧបត្ថម្ភថវិកាបន្ថែមដល់ពួកគាត់ទៀតផង។ នេះគឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ក្រុមអ្នកសង្គ្រោះរបស់កម្ពុជា។
ក្រុមគ្រួសារជនរងគ្រោះនៃការបាក់រលំអគារនៅខេត្តព្រះសីហនុមានតែម្រាមដៃ ១០ សំពះអរគុណនូវការលះបង់និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល។ គ្រប់កាលៈទេសៈទាំងអស់ សម្តេចតេជោ ហ៊ុន សែន គឺជាមជ្ឈមណ្ឌលសាមគ្គីភាពរួមជាកម្លាំងជួយប្រជាជាតិខ្មែរ។
បុរសម្នាក់នេះហើយដែលបានពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជា ហើយជានិច្ចកាលបានលះបង់សព្វបែបយ៉ាងដើម្បីជាតិខ្មែររស់ក្នុងកិត្តិយសនិងមោទនភាព និង មិនតែប៉ុណ្ណោះ ទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះពលរដ្ឋកម្ពុជា គឺចាត់ទុកដូចជាជាកូនក្មួយនិងសាច់ញាតិរបស់សម្តេចដូច្នោះដែរ។ ពលរដ្ឋខ្មែរបានវាយតម្លៃថា សម្តេចតេជោ ហ៊ុន សែន ជាកុលបុត្រមហានគរ ជាវរៈបុរសជាតិខ្មែរពិតៗ រួមសុខរួមទុក្ខជាមួយពលរដ្ឋគ្រប់កាលៈទេសៈ។

៤៖ ស្វែងរកអ្នកទទួលខុសត្រូវនៃការធ្វើឱ្យបាក់រលំអគារ៖ ក្រុមជនអ្នកទទួលខុសត្រូវចំពោះគម្រោងសំណង់អគារ ដែលដួលរលំបង្កឱ្យស្លាប់ ២៨ នាក់និងរបួស ២៦ នាក់នេះត្រូវបានចាប់ខ្លួននិងធ្វើការចោទប្រកាន់នៅចំពោះមុខច្បាប់ ហើយដំណើរការនីតិវិធីកំពុងតែបន្តប្រឆាំងនឹងក្រុមជនល្មើសនេះដើម្បីស្វែងរក យុត្តិធម៌ជូនដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត និងអ្នកដែលរស់រានមានជីវិត។ ក្រុមជនទាំងនេះ ត្រូវបានចោទប្រកាន់ការរំលោភបំពានច្បាប់របស់ខ្លួន ដែលសាងសង់សំណង់ដោយគ្មានច្បាប់ និងនៅតែផ្គើននឹងសមត្ថកិច្ច ដែលបានចុះឃាត់ជាបន្តបន្ទាប់ បង្កឱ្យបាក់រលំអគារនិងធ្វើឱ្យមនុស្សស្លាប់និងរបួសសរុបចំនួន ៥៤នាក់។ ការស៊ើបអង្កេតលើបញ្ហានេះក៏នឹងធ្វើបន្តទៀតដែរ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកថា ជនរងគ្រោះដោយការបាក់រលំអាគារនេះមានសិទ្ធិដាក់ពាក្យបណ្តឹងទាមទារនូវ សំណងបន្ថែមទៀតពីជនល្មើស បន្ថែមពីអ្វីដែលសប្បុរសជនបានចូលរួមវិភាគទាន។

៥៖ បទពិសោធនៃឧបទ្ទវហេតុនេះនឹងធ្វើឱ្យអាជ្ញាធររដ្ឋាភិបាលកាន់តែយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសំណង់៖ ទាញចេញពីបទពិសោធនេះ ក្រសួងដែនដី និងនគរូបនីយកម្មបានបង្កើតក្រុមការងារបច្ចេកទេសជាច្រើនក្រុមដើម្បីចុះវាយតម្លៃលើគម្រោងអគារសាងសងទាំងឡាយដើម្បីឱ្យប្រាកដថា អគារដែលបាននិងកំពុងសាង និងកំពុងដាក់ឱ្យប្រើប្រាស់គោរពតាមបទ ដ្ឋាននិងស្តង់ដារសំណង់ត្រឹមត្រូវជៀសវាងការកើតឡើងនូវសោកនាដកម្មសាជាថ្មី។

ជាមួយគ្នាននេះវិធានការមួយចំនួនក៏បានស្នើឡើងឱ្យមានការចូលរួមពីក្រសួងពាក់ព័នធដទៃទៀតផងដែរដើម្បីបង្ក្រាបនិងទប់ស្កាត់ដោយប្រសិទ្ធភាពលើសំណង់ខុសច្បាប់នៅក្នុងខេត្តព្រះសីហនុ។ ម្យ៉ាងទៀត ការចូលកាន់តំណែង របស់លោក គួច ចំរើន ជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុថ្មីត្រូវបានប្រជាពលរដ្ឋជឿជាក់ថានឹង ធ្វើឱ្យខេត្តព្រះសីហនុប្រែមុខមាត់ថ្មីដោយមានការគាំទ្រពីក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និង ក្រុមការងារគណៈកម្មាធិការកណ្តាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដឹកនាំដោយលោករដ្ឋមន្ត្រី សាយ សំអាល់ និងក្រុមការងារផ្សេងទៀត។ អភិបាលខេត្តថ្មី លោក គួច ចំរើន បានប្តេជ្ញាចំនួន ១៣ ចំណុចដើម្បីការដឹកនាំនិងអភិវឌ្ឍខេត្តព្រះសីហនុនេះ ប្រកបដោយការរីកចម្រើន ហើយអ្វីដែលជាការងារអាទិភាពមុនដំបូងគេគឺការងារគ្រប់គ្រងសន្តិសុខ និង សណ្តាប់ធ្នាប់សង្គម។

សរុបមកវិញ ប្រជាពលរដ្ឋកម្ពុជាពិតជាវាយតម្លៃខ្ពស់ចំពោះការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលក្នុងការជួយសង្គ្រោះជនរងគ្រោះចេញពីគំនរបែកបាក់នៃការដួលរលំ អគារនៅក្នុងខេត្តព្រះសីហនុ។ ទោះបី ជាជនរងគ្រោះមួយចំនួនបានស្លាប់ដែលនេះគឺជារឿងដ៏សោកសៅសម្រាប់ជាតិក៏ដូចជាក្រុមគ្រួសារនៃជន រងគ្រោះ ប៉ុន្តែការជួយសង្គ្រោះមនុស្ស ៤នាក់ចុងក្រោយដែលស្ថិតនៅក្រោមបាតអគារក្នុងនោះ២នាក់នៅរស់រានមានជីវិតគឺជាភាពជោគជ័យនៃសកម្មភាពនៃការ ជួយសង្គ្រោះជីវិតមនុស្ស និងការលះបង់របស់ក្រុមអ្នកសង្គ្រោះដោយមិនខ្លាចនឿយហត់និងការឈរបញ្ជាផ្ទាល់របស់សម្តេចតេជោនៅលើទៅលាន។

ជាមួយគ្នានេះ ការសម្រេចចិត្តក្នុងការផ្លាស់ប្តូរ និងផ្ទេរថ្នាក់ដឹកនាំខេត្ត និងគណៈកម្មការជឃាតិគ្រប់គ្រងគ្រោះមហន្តរាយ ការលាលែងតំណែងពីអភិបាលខេត្តរបស់លោក យន្ត មីន គឺជាការសម្រេចចិត្តផ្នែកនយោ បាយមួយដ៏សំខាន់ដើម្បីឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋប្រកដោយ ប្រសិទ្ធភាពខ្ពស់៕