ក្រោយប្រកាសចូលកាន់តំណែងមួយថ្ងៃ លោក គួច ចំរើន ចុះពិនិត្យឆ្នេរឯករាជ្យ ជួបសំណេះសំណាលជាមួយភ្ញៀវទេសចរ និងពិភាក្សាការកែលំម្អសោភ័ណ្ឌភាពឡើងវិញ


(ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោយប្រកាសចូលកាន់តំណែងមួយថ្ងៃ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះពិនិត្យឆ្នេរឯករាជ្យ និងជួបសំណេះសំណាលជាមួយភ្ញៀវទេសចរ ដែល​មកកម្សាន្ដ​ប្រកប​ដោយភាព​ស្និតស្នាល និងកក់ក្ដៅ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បាន ពិភាក្សាថា នឹងរៀបចំកែលម្អសួន កន្លែងដើរថ្មើរជើង និងមានអ្នក​សំអាតសួ​នឆ្នេរ​ជាប្រចាំ ធានាភាពស្រស់​ស្អាតរបស់ឆ្នេរ ពិសេស​ការចូលរួ​ម​លើកកម្ពស់ និងថែរក្សា​បរិស្ថានឆ្នេរកាន់​តែមាន​សោភណ្ឌ័ភាព ដើម្បីទាក់​ទាញភ្ញៀវទេស​ចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ដ។

គួរជម្រាបថា ឯកឧត្តម គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម បានចូលកាន់តំណែងអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

នៅចំពោះមុខថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើននាក់ ឯកឧត្តម គួច ចំរើន បានថ្លែង​​ប្តេជ្ញាក្នុង​ការបំពេញភារកិច្ចកសាងអភិវឌ្ឍន៍ជូ​នប្រជា​ជនក្នុងខេត្ត​ព្រះសីហនុ កាន់តែល្អប្រ​សើរត​បតាមការ ចង់បាន និងកំពុងសម្លឹង​មើលពីគ្រប់មជ្ឈ​ដ្ឋាន​លើទឹកដីខេត្តទេសចរណ៍​ដ៏ស្មុគស្មាញ​មួយនេះ។

ឯកឧត្តម គួច ចំរើន បានសំណូមពរដល់ក្រុមការងារចុះជួយខេត្តថ្នា​ក់ដឹកនាំខេត្ត​ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ទូទាំង​​ខេត្តព្រះសីហនុ សូមជួយ សហកា​រ និងគាំទ្រ​ដល់រូបខ្ញុំ ដើម្បីឱ្យ​ការបំពេញ ភារកិច្ច​ដោយរលូន និងទទួលបាន​ជោគជ័យ សម្រាប់​ជាកត្តិយស និងស្នាដៃ​ដល់រដ្ឋបាល​ខេត្តព្រះសីហនុ ក៏ដូចដើម្បី​សេចក្តីសុខ សេចក្ដី​ចំរើន ការអភិវឌ្ឍ​ន៍ របស់ប្រជាជន​យើងទូទាំងខេត្ត ៕