លោកជំទាវ គឹម ញ៉ តំណាងឯកឧត្តម យន្ត មីន ជួបសំណេះសំណាល និងហូបនំបញ្ចុកសាមគ្គី ជាមួយកុមារអង្គការ ម្លប់តាប៉ាងប្រមាណ ៦០០នាក់


(ព្រះសីហនុ)៖ លោកជំទាវ គឹម ញ៉ តំណាង ឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាល និងហូបនំបញ្ចុកសាមគ្គី ជាមួយកុមារអង្គការ ម្លប់តាប៉ាង ប្រមាណ៦០០នាក់ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ពិធីនេះ ក៏មានការចូលរួមពីសាខាកាកបាទក្រហម និងសមាគមនារី ខេត្តព្រះសីហនុផងដែរ។

បើតាមលោកស្រី ប្រាក់ ចន្ទសុខា ប្រធានសមាគមនារីខេត្ត បានថ្លែងថា ការជួបជុំហូបនំបញ្ចុកសាមគ្គី ជាមួយបុគ្គលិក និងក្រុមកុមារ យុវជននៅមណ្ឌលអង្គការម្លប់តាប៉ាងនេះ គឺជាការផ្តួចផ្តើមគំនិតរបស់ឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ។

លោកស្រីថា កន្លងមកឯកឧត្តម យន្ត មីន តែងយកចិត្តទុកដាក់កៀរគរ សប្បុរសជនឲ្យជួយគាំទ្រ ដល់កុមារក្នុងមណ្ឌល នៃអង្គការម្លប់តាប៉ាងនេះ ជាបន្តបន្ទាប់។ ក្រៅពីការហូបអាហារសាមគ្គី ជាមួយកុមារ ប្រមាណជាង៦០០នាក់ ក៏មានការផ្តល់អង្ករចំនួន១តោន ភេសជ្ជៈមួយចំនួនទៀត ដែលជាអំណោយ រួមគ្នារវាងសមាគមនារីខេត្ត និងកាកបាទក្រហមខេត្តព្រះសីហនុ ។

លោកស្រី រត្ន័ ចន្ទផ្គុណ នាយិការអង្គការម្លប់តាប៉ាង បានថ្លែងអំណរគុណចំពោះ ឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ដែលតែងជួយគាំទ្រ ដល់បេសកកម្មរបស់អង្គកាម្លប់តាប៉ាង ក្នុងបុព្វហេតុជួយសង្គ្រោះកុមារ តាមថ្នល់និងយុវជនញៀនថ្នាំ ងាយរងគ្រោះ ដើម្បីអប់រំបណ្តុះបណ្តាលពួកគេ ឲ្យទទួលបានឱកាសថ្មីឡើងវិញ សម្រាប់ថ្ងៃអនាគត។

លោកស្រី និយាយថា សព្វថ្ងៃមានកុមារ និងយុវជនក្រីក្រងាយរងគ្រោះ ចំនួនជាង៦០០នាក់ ត្រូវបានមើលថែរាល់ថ្ងៃក្នុងនោះ ៤០០នាក់ ក្នុងមណ្ឌល ជាង២០០នាក់ទៀត នៅក្រៅមណ្ឌល និងមានគ្រួសារកុមារ ប្រមាណ២៥០០គ្រួសារ និងមានបុគ្គលិកបម្រើការ ចំនួន២៣២នាក់ ស្រី៦០%។

លោកស្រី បញ្ជាក់ថា អង្គការម្លប់តាប៉ាង មានបេសកកម្មជួយកុមារក្រីក្រ និងយុវជនងាយរងគ្រោះ នៅទូទាំងខេត្តព្រះសីហនុ ដោយមិនមានការរើសឡើយ។ អង្គការ បានប្រមូលយកមកបន្ស៊ាំពួកគេ ឲ្យបានល្អប្រសើរឡើងវិញ។ លោកស្រីនាយិកា បញ្ជាក់ថា ចំពោះកុមារ មណ្ឌលអង្គការម្លប់តាប៉ាង មានកម្មវិធីសិក្សាកម្រិតមត្តេយ្យ និងបឋម។

ក្រោយបញ្ចប់ថ្នាក់បឋម អង្គការ និងបញ្ជូនពួកគេ ទៅរៀននៅសាលារដ្ឋ ដោយមានការតាមផ្គត់ផ្គងអាហារ សំលៀកបំពាក់ សម្ភារៈសិក្សា ថវិកា មួយសប្តាហ៍ម្នាក់១ម៉ឺនរៀល (ថ្នាក់ទី៧-៩), ១.៥ម៉ឺនរៀល (ថ្នាក់ទី១០-១២) មានបង្រៀនបន្ថែមសិល្បៈ របាំ…-ល- ចំពោះយុវជនវិញ ក៏មានបង្រៀន ជំនាញវិជ្ជាជីវៈជាច្រើនផ្នែក និងមានកិច្ចសហការយ៉ាងល្អ ពីមន្ទីរអប់រំ មន្ទីរការងាបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

ទោះជាបែបនេះក្តី លោកស្រី រ័ត្ន ចន្ទផល្គុណ បានគូសបញ្ជាក់ថា មណ្ឌលអង្គការរបស់លោកស្រី មានបញ្ហាប្រឈមមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការ ប្រតិបត្តិការរបស់អង្គការផងដែរ។
១៖ ផ្លូវនៅជុំវិញមណ្ឌល លំបាកខ្លាំង មានគន្លុកនិងលិចទឹកពេលមានភ្លៀងម្តងៗ លំបាកធ្វើដំណើរចេញចូល និងប៉ះពាល់សម្ភារៈពេលលិចទឹកម្តងៗ។
២៖ ទឹក/ភ្លើង មិនទាន់ឆ្លើយតបតាមការចាំបាច់។
៣៖ គ្រួសារកុមារខ្លះ បានប្តូរទីតាំងទៅឆ្ងាយលំបាកដឹកជញ្ជូន កុមារឲ្យបានទាន់ពេលក៏ជាបញ្ហាមួយដែរ។
៤៖ ការចំណាយកើនឡើង គ្រាដែល ឥវ៉ាន់ទំនិញនិងសេវាជាច្រើនទៀត ឡើងថ្លៃខ្ពស់។

ទាក់ទិនបញ្ហាទាំងនេះ លោកស្រីស្នើសុំថ្នាក់ដឹកនាំខេត្ត និងសប្បុរសជនទាំងឡាយ ជួយឧបត្ថម្ភគាំទ្រតាមការគួរ និងបានស្នើឲ្យអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ជួយសម្រួល ១៖ កែលម្អផ្លូវចេញចូលមណ្ឌល ដែលកំពុងជួបការលំបាក, ២៖ សូមជួយសម្រួលបណ្តាញទឹក ភ្លើង ដើម្បីប្រើប្រាស់បានគ្រប់គ្រាន់ និងទី៣៖ ស្នើសុំឧបត្ថម្ភមូលនិធិ តាមលទ្ធភាពផងដែរ៕