កំពតៈ ទីតាំងនៃការសាងសង់ទីក្រុងថ្មីមួយនាជើងភ្នំបូកគោ ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីកំពូលភ្នំ ត្រូវបានប្រជាជនមូលដ្ឋានបង្ហើបប្រាប់ពីទីតាំង ខណៈពួកគេបានស្វាគមន៍ចំពោះគម្រោងបង្កើតទីក្រុងថ្មីរបស់រដ្ឋាភិបាលនេះ។
កាលពីពេលថ្មីៗនេះ ក្រុមការងារអន្តរក្រសួងដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបននីយកម្ម និងសំណង់ រដ្ឋមន្រ្តីក្រសួងបរិស្ថានឯកឧត្តម សាយ សំអាល់ និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន និងអភិបាលខេត្តកំពត និងព្រះសីហនុ បាពិភាក្សាពីគម្រោងបង្កើតទីក្រុងថ្មីនេះ។
អ្នកស្រី ប៉ែន សុធារី អាយុ ៣៨ឆ្នាំ ជាម្ចាស់ហាងបាយមួយកន្លែង ដែលស្ថិតនៅជិតជើងភ្នំបូកគោបានប្រាប់ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា អ្នកស្រីមិនទាន់ដឹងច្បាស់ដែរពីគំរោងនេះ តែបានមើលពត័មានថាគេនឹងរៀបចំធ្វើទីក្រុងថ្មីនៅជិតៗនេះ។ តែបើគេធ្វើមែនគឺល្អណាស់ ដោយសារនឹងមានមនុស្សមករស់កាន់តែច្រើន ហើយនឹងមានភាពអ៊ូអរជាងនេះ។
អ្នកស្រីបានបន្តថា “ដីនៅហ្នឹងវាថ្លៃស្រាប់ហើយ ដោយមួយម៉ែត្រការ៉េចាប់ពី១០ដុល្លាររហូតដល់ ៥០ដុល្លារ ឥលូវបើមានគំរោងគេធ្វើទីក្រុងមែន ដីវាកាន់តែថ្លៃទៀតហើយ ប្រហែលជាអាចគុណនិងពីររឺបីមិនដឹង”។
ចំណែកលោកចាន់ សីហា អាយុ ៤៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជននិងមានដីចំការមួយកន្លែងនៅជើងភ្នំបូកគោបានមានប្រសាស៍ថា “ខ្ញុំបានលឺគេនិយាយរឿងធ្វើទីក្រុងថ្មីហ្នឹងច្រើនដែរមួយរយៈនេះ បើនិយាយទៅសឹងតែគ្រប់ហាងកាហ្វេ នៅក្នុងខេត្តកំពត ហើយបើសិនជាពិតមែនវាល្អណាស់”។
លោកសីហាបានបន្តថា “ខ្ញុំមិនច្បាស់ដែរហ្នឹង ប្រហែលជាបីខែមុនមានគេតេមកសួរពូដែរ គេអោយមួយការ៉េ១០ដុល្លារ តែបើមានគេអភិវឌ្ឃទៅជាក្រុងនៅតំបន់ហ្នឹងមែន ប្រហែលជាបានថ្លៃជាហ្នឹងច្រើនមិនដឹង”។
ម្ចាស់បឹងកាឡូ ក្ដាសាណាកា នឹងជាអ្នកជំនួញអចលណៈទ្រព្យក្នុងខេត្តកំពតលោក អឿន រស់នៅអមរើន បាននិយាយឲ្យដឹងផងដែរថា វាជារឿងល្អសម្រាប់ប្រជាជនរស់នៅក្នុងតំបន់នេះ វាជួយកាត់បន្ថយការចំណាកស្រុក បង្កើតការទាក់ទាញអ្នកវិយោគមកវិនិយោគបន្ថែមទៀតក្នុងតំបន់នេះ។
ទាក់ទងតំលៃដីលោក រស់នៅអមរើនក៏បានអោយដឹងថា “តំលៃកាលពីមុននឹងអីឡូវខុសគ្នាឆ្ងាយខ្លាំងមែនទែន កាលខ្ញុំមកវិនិយោគធ្វើបឹងកាឡូនៅឆ្នាំ២០១៦ ដីនៅទីនេះ ១ម៉ែត្រការ៉េមិនដល់១ដុល្លារផងហ្នឹង ហើយអីឡូវគឺឡើងមួយគុណនឹងម្ភៃដងឯនោះ”៕