សម្តេច សាយ ឈុំ ជួបសំណេះសំណាលជាមួយបងប្អូនកម្មករត់ម៉ូតូកង់បី


ល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយបងប្អូនអ្នកប្រកបរបររត់ម៉ូតូកង់បី ចំនួន៤៨នាក់។
សម្តេច បានជម្រាបសួរសុខទុក្ខបងប្អូនទាំងអស់ ដោយមនោសញ្ចេតនាស្រលាញ់រាប់អានយ៉ាងស្និទ្ធស្នាលក្រៃលែង សម្តេចក៏បានសាកសួរអំពីស្ថានភាពជីវភាពរស់នៅ និងផលចំណូលពីមុខរបររត់ម៉ូតូកង់បីប្រចាំថ្ងៃ របស់បងប្អូន ព្រមទាំងស្តាប់បងប្អូននិយាយពីការលំបាក បញ្ហាប្រឈម ដែលបងប្អូនបានជួបប្រទះ និងពីការយល់ឃើញរបស់បងប្អូន ចំពោះសមិទ្ធិផលការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ និងសង្គមកម្ពុជា នាពេលបច្ចុប្បន្ននេះ។
បងប្អូនបានជម្រាបជូនសម្តេចជ្រាបផងដែរ អំពីទុក្ខលំបាកវេទនាក្នុងជីវភាពរស់នៅនាសម័យសង្រ្គាម និងក្នុងរបបប្រល័យពូជសាសន៍។

ឆ្លើយតបចំពោះការលើកឡើងរបស់បងប្អូន សម្តេចមានប្រសាសន៍ថា៖ អតីតកាល ល្វីងជូរចត់បានកន្លងហួសទៅហើយ អ្វីដែលយើងអាចគិតគឺមានតែបច្ចុប្បន្នកាល និងអនាគតទៅមុខ គឺធ្វើយ៉ាងណា កុំអោយប្រទេសជាតិយើងដើរថយក្រោយវិញ និងត្រូវជៀសរៀងកុំអោយបញ្ហា៣ វាកើតឡើងមកវិញនោះគឺ៖ ការបែកបាក់ផ្ទៃក្នុង សង្គ្រាម និងរបបប្រល័យពូជសាសន៍។ យើងទាំងអស់គ្នា សុទ្ធតែចាស់ៗទៅហើយ ហេតុនេះ សូមបន្តអប់រំកូនចៅជំនាន់ក្រោយរបស់យើង អោយខិតខំកសាងខ្លួនជាពលរដ្ឋល្អ មានស្មារតីស្នេហាជាតិ ស្រលាញ់ការរៀនសូត្រ និងចេះតស៊ូព្យាយាម បង្កើនសមត្ថភាពមុខជំនាញ ដើម្បីចូលរួមកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ អោយកាន់តែសំបូររុងរឿង និងរីកចម្រើនតទៅទៀត។